
ក្រចេះ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពរំលោភក្មេងស្រីវ័យជាង១៣ឆ្នាំម្នាក់ រហូតបានសម្រេចកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្ពងក្រៅ ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ។
មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ តៅ ពៅ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិជំពូង ឃុំស្នួលស្រុក ស្នួលខេត្តក្រចេះ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ធ.ន.ច អាយុ១៣ឆ្នំា រស់នៅភូមិជាមួយជនសង្ស័យ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនសង្ស័យបានឃើញជនរងគ្រោះមកដើរលេងកម្សាន្តក្នុងវត្តធម្មយុត្តិ ពេលនោះជនសង្ស័យបានមកបបួលក្មេងស្រីរងគ្រោះមកកន្លែង ចេតីយមួយភ្លែត ដោយប្រាប់ថា មានការនិយាយគ្នាបន្តិច ឮដូច្នោះក្មេងស្រីរងគ្រោះក៏យល់ព្រមទៅជាមួយ ដោយយល់មនុស្សស្គាល់គ្នា ពេលទៅដល់ចេតីយមានសភាពស្ងាត់ ជនសង្ស័យក៏ចាប់ផ្តួលក្មេងស្រីរងគ្រោះទៅនឹងដី ហើយចាប់រំលោភរហូតបានសម្រេចតែម្តង។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានគេចខ្លួន ដោយឡែកក្មេងរងគ្រោះយករឿងទៅប្រាប់ម្ដាយ ឲ្យទៅដាក់ពាក្យបណ្ដឹង ក្រោយមកកម្លាំងនគរបាលស្រុកស្នូល ឃាត់ខ្លួនជនសង្ស័យបាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការបន្ត៕

