Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូលបានឱ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ តុលាការកំពូលនឹងបើកសវនាការបណ្តឹងសារទុក្ខរបស់ លោក កឹម សុខា។

មេធាវីការពារក្តីឱ្យលោក កឹម សុខា អះអាងថា ពេលនេះក្រុមមេធាវីបានត្រៀមឯកសាររួចរាល់ហើយក្នុងការតតាំង និងភស្តុតាងដោះបន្ទុកមួយចំនួន។ 

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញចេញដីការឃុំខ្លួននៅពន្ធធានាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចព័ន្ធចាប់ទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមកត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង ចោទប្រកាន់ពីទោសក្បត់ជាតិ។ 

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិតែងតែព្យាយាមចូលជួបនៅក្នុងពន្ធនាគារជាញឹកញាប់ ប៉ុន្តែត្រូវបានរារាំងពីឆ្មាំពន្ធនាគារ និងកម្លាំងនគរបាល ដែលត្រូវគេដាក់ពង្រាយនៅខាងក្រៅគុកនោះរហូតមក។ ដោយឡែក មេធាវីក៏ប្រឹងរកមធ្យោបាយ ដើម្បីស្នើសុំឲ្យកូនក្ដីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្នដែរ  ការស្នើសុំទាំងនេះត្រូវទទួលបរាជ័យគ្រប់ដំណាក់កាល។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍បានទាត់ចោលលើបណ្តឹងប្រឆាំងនឹងការចាប់ខ្លួន ហើយបានតម្កល់ដីការឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។ គួរបញ្ជាក់ថាសវនាការនៅបានធ្វើឡើងដោយអវត្តមាន លោក កឹម សុខា។

ថ្ងៃនេះកាលពី២ឆ្នាំមុន ពោលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ លោក កឹម សុខា ត្រូវបានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា៦៨រូប បោះឆ្នោតទម្លាក់ពីអនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា។ 

តុលាការក្រុងភ្នំពេញរងការរិះគន់ពីសំណាក់មហាជនថា ជាតុលាការមិនឯករាជ ស្ថិតក្រោមគំនាបនយោបាយ ធ្វើតាមការបង្គាប់បញ្ជារបស់អ្នកនយោបាយ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor