Sponsor
រិទ្ធី

មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការចាប់លោក កឹម សុខា ពីបទក្បត់ជាតិ រួមគំនិតជាមួយបរទេស ក៏ដូចជាបណ្តឹងសុំឱ្យរំលាយគណក្សសង្គ្រោះជាតិ និងការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យមេឃុំ/ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ ចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ យើងសង្កេតឃើញថា មានការចាកចេញពីបក្សប្រឆាំងដើម្បីបន្តជីវភាពនយោបាយជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់ រួមទាំងសមាជិកសភាម្នាក់ផងដែរ។ ប៉ុន្តែ បើយើងក្រឡេកមើលអតីតកាលតាំងពីអាណត្តិទី២ដល់អាណត្តិទី៥ រឿងនេះជារឿងធម្មតាទៅហើយ មុនការបោះឆ្នោតម្តងៗ តែងតែមានការចាកចេញ ដើម្បីតំណែងនិងលាភសក្ការៈពីសំណាក់ពីសមាជិកមិនស្មោះត្រង់។ 

ប្រធានគណបក្សសង្រ្គោះជាតិឃុំ និងជាជំទប់ទី២ ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

បើយោងតាមលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (បោះឆ្នោតថ្នាក់ជាតិ) ពីមួយអាណត្តិទៅមួយអាណត្តិ គណបក្សប្រឆាំងកើនសំឡេងគាំទ្រច្រើនឡើងៗ នៅអាណត្តិទី២ គណបក្សសម រង្ស៊ី ទទួលបាន១៥កៅអី អាណត្តិទី៣ គណបក្សសម រង្ស៊ី ទទួលបាន២៤កៅអី  អាណត្តិទី៤ គណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស (របស់លោក កឹម សុខា) ទទួលបាន២៩កៅអី នៅអាណត្តិទី៥ដែលជាអាណត្តិធ្វើឱ្យលោក ហ៊ុន សែន ដេកមិនស្រួល គណបក្សសង្គ្រោះជាតិដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទទួលបាន៥៥កៅអី។ ដូចនេះការចាកចេញនេះ ហាក់មិនធ្វើឱ្យបក្សប្រឆាំងបាត់បង់ប្រជាប្រិយភាពនោះទេ បែរជាទទួលបានការគាំទ្រយ៉ាងច្រើនដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

តើអាណត្តិទី៦ គណបក្សសង្រ្គោះអាចយកឈ្នះបក្សកាន់អំណាចជាង៣០ឆ្នាំបានទេ? បើ បច្ចុប្បន្ន គណបក្សប្រឆាំងដ៏ខ្លាំងនៅកម្ពុជាមួយនេះបាននិងកំពុងរងសំពាធគ្រប់ទិស ជាពិសេសការប្រឈមនឹងការរំលាយចូលពីសំណាក់តុលាការមិនឯករាជ្យ។

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor