
អតីតបេក្ខនារី The Voice Cambodia សាន ស្រីឡៃ ត្រូងអតីតស្វាមីមន្ត្រីគយបាញ់សម្លាប់ កាលពីវេលាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បានឲ្យសង្គមសិល្បៈខ្មែរ ភ្ញាក់ផ្អើល និងមហាជនពេញផ្ទៃប្រទេសរំជើបរំជួល។ អ្វីដែលកាន់តែរំជើបរំជួល និងខ្លោចចិត្តថែមទៀតនោះ អ្នកនាង ពេជ្រ សោភា ដែលជាអ្នកស្និតនឹង សាន ស្រីឡៃ ជាងគេ ក៏មានភាពសោកសង្រេកជាពន់ពេកផងដែរ។
អ្នកនាង ពេជ្រ សោភា បានរៀបរាប់ទាំងទឹកភ្នែកនៅចំពោះមុខសព សាន ស្រីឡៃ ដែលតម្កល់នៅវត្តសែនសុខ រាជធានីភ្នំពេញ ថាអ្នកនាងពីដំបូងមិនជឿទេ ស្មានតែគេថត MV តែដោយឃើញគេបង្ហោះព្រោងព្រាត ហើយថ្មីៗពេក ទើបដឹងថា ការពិតបានមកដល់ ហើយភាពស្រឡាំងកាំងទន់ដៃជើង សូម្បីតែខ្លួនឯងឈឺត្រៀមទៅពេទ្យក៏លែងទៅដែរ។
បន្ថែមលើសពីនេះ ចំពោះប្រវត្តិរបស់ សាន ស្រីឡៃ អ្នកនាង ក៏អាចដឹងច្រើនព្រោះថា នាងជាកូនក្រុមនាងតាំងពីប្រឡង ដោយបញ្ជាក់ថា ជីវិតនាង (ស្រីឡៃ) កម្សត់ណាស់។ សោភា បន្តទាំងទប់អារម្មណ៍មិនបានថា ស្រីឡៃជាមេគ្រួសារ ជាបង្គោលគ្រួសារដ៏រឹងមាំម្នាក់ ដែលចិញ្ចឹមម្តាយពិការ ជាស្ត្រីមេម៉ាយមើលថែប្អូនស្រីម្នាក់ និងសំខាន់ចិញ្ចឹមកូនប្រុសពីរនាក់ក្នុងបន្ទុក លុះពេលជួបរឿងដោយអតីតស្វាមីផ្តាច់ជីវិតគាត់ទៅចឹង គឺអស់បាត់ហើយអ្នកនៅក្នុងបន្ទុកគាត់។
ព្រោះតែកំហឹងមួយពេលនេះហើយ បានធ្វើឲ្យស្ត្រីម្នាក់ ដែលជាមេគ្រួសារត្រូវចាកឆ្ងាយពីកូនៗ និងម្តាយបងប្អូន ដោយបន្សល់នូវភាពអាឡោះអាល័យជាពន់ពេក។ សាន ស្រីឡៃ បានបន្សល់ទុកនូវស្នាដៃរឿងភាគមួយរបស់ហង្សមាស ចំណងជើងថា «រាជនីភូមិគ្រឹះ» ដែលថតជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា សូដា នីតា ណុប ប៉ាយ៉ារិទ្ឋិ និងតារាជាច្រើនទៀត។ រឿងនេះ មិនទាន់ថតចប់នៅឡើយទេ៕
