
រូបភាពការសាងសង់ផ្លូវជាតិថ្មីរបស់ប្រទេសចិន បានធ្វើឲ្យក្រុមអ្នកជំនាញជឿថា អាចជាផ្នែកមួយនៃផែនការ ដើម្បីការពារប្រទេសកូរ៉េខាងជើង ឬប្រមូលកងទ័ពដ៏ធំរបស់ពួកគេ នៅក្បែរព្រំដែនរួម ចំពេលមានការភ័យខ្លាចសង្គ្រាមលោកលើកទី០៣ នឹងអាចកើតឡើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចេញផ្សាយនាព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៧។

អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់សិក្សានៅឧបទ្វីបកូរ៉េ និងជានាយកនៃកម្មវិធីស្ដីពីគោលនយោបាយអាម៉េរិក លោក Scott Snyder បានប្រាប់សារព័ត៌មាន Daily Star Online ថា “ខេត្តជីលីន ប្រទេសចិន បានចំណាយថវិកាសម្រាប់ការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ G1112 Ji’an–Shuangliao Expressway សម្រាប់ការដាក់ពង្រាយរថក្រោះ និងកងទ័ព ក្បែរព្រំដែនរួមជាមួយប្រទេសកូរ៉េខាងជើង”។

គួរបញ្ជាក់ផងដែរថា ខណៈដែលមានភាពតានតឹងកើនឡើង កូរ៉េខាងជើង ត្រូវបានគេឃើញដឹកជញ្ជូនមីស៊ីលផ្លោង Scud ចំនួន៣០គ្រឿង ពីខេត្ត Hwangju ភាគខាងត្បូងទីក្រុងព្យុងយ៉ាង ទៅកាន់ទីក្រុង Nampo ក្បែរឆ្នេរសមុទ្រជាប់កូរ៉េខាងត្បូង។