
ភាពយន្តខ្នាតធំរឿង “អ្នកបម្រើ007” បានផលិតចប់មានរយៈពេលពីរឆ្នាំមកហើយ ដែលមានទស្សនិកជនជាច្រើនរង់ចាំទស្សនាភាពយន្តបែបកំប្លែងសើច ដែលជាការប៉ះគ្នារវាតារាកំប្លែងល្បីឈ្មោះលោក ពែកមី និងច្រៀងកញ្ញា រ៉ាប៊ី។

ស្នាដៃដឹកនាំដំបូងរបស់លោក អ៊ិន រិទ្ធីចិត្រ រួមជាមួយលោក ពែកមី រឿង “អ្នកបម្រើ007 ” បានផលិតចប់តាំងពីឆ្នាំ
២០១៥មកម្ល៉េះ ។ ភាពយន្តមួយនេះបានចំណាយពេលផលិតជាងកន្លះខែ និងមានរយៈពេលចាក់ផ្សាយជាងមួយម៉ោង ហើយបានចំណាយទុនផលិតជាង៤ម៉ឺនដុល្លារ។

លោក អ៊ិន រិទ្ធីចិត្រ បានប្រាប់ថា ភាពខ្នាតធំរឿង “អ្នកបម្រើ007 ” គឺជាការនិពន្ធផ្ទាល់របស់លោក ពែកមី និងដឹកនាំសម្តែងដោយរូបលោកផ្ទាល់តែម្តង ។ រឿងនេះមិនសូវផ្តោតលើការអប់រំប៉ុន្មានទេ គឺផ្តោចលើការកំប្លែងសើចច្រើនជាង ហើយការផលិតរឿនេះឡើង គឺដើម្បីតម្រូវតាមទីផ្សារដែលកំពុងពេញនិយមរឿងបែបសប្បាយៗ ផងដែរ។

ជាមួយគ្នានេះដែរលោក អ៊ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិតនៅផលិតកម្ម ថោន បានប្រាប់ថា លោកមិនទាន់ហ៊ានអះអាងថា ភាពយន្តរឿង “អ្នកបម្រើ007 ” អាចទទួលបានជោគជ័យកម្រិតណាទេ តែលោកក៏បានអំពាវនាវដល់ទស្សនិជន ជាពិសេសយុវវ័យដែលទន្ទឹងរង់ចាំភាពយន្តខាងលើ ប្រញ៉ាប់ឡើងទិញសំបុត្រចូលទស្សនា ដែលមានលក់នៅគ្រប់រឿងកុនល្បីៗក្នុងរាជធានីភ្នំពេញ ព្រោះរឿងថ្មីនេះចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃ២៣ វិច្ឆិកា តទៅហើយ។

ដោយឡែកលោក ពែកមី បានលើកឡើងថា ភាពយន្តរឿង “អ្នកបម្រើ007 ” លោកនៅតែមានការរំពឹងទុកថា ទទួលបានការគាំទ្រច្រើន ទោះជារឿងនេះផលិតទុកជាងពីរឆ្នាំមកហើយក្តី ព្រោះរឿងហ្នឹងមានឈុតឆាកកំប្លែងច្រើនតាំងពីដើមរហូតដល់ចប់តែងម្តង។ លោកបន្តថា ពាក្យពេជចន៍ក្នុងរឿងនេះ មួយចំនួនរាងហួសសម័យបន្តិចហើយ ព្រោះការនិពន្ធលោកបានលើកយកពាក្យសម្តីដែលពេញនិយមក្នុងឆ្នាំ២០១៥ តែមកដល់ឆ្នាំ២០១៧ ពាក្យទាំងនោះគឺសាំត្រូវគេលែងសូវប្រើដោយមានពាក្យថ្មីៗមកជំនូសទៅហើយ។

ជាមួយគ្នានេះដែរតួឯកស្រីកញ្ញា រ៉ាប៊ី ក៏បានបន្ថែមដែរថា រឿង”អ្នកបម្រើ007 ” គឺមានFanនាងរង់ចាំគាំទ្រច្រើន ហើយបើតាមការចូលទស្សនា Trailerគឺមានច្រើន ដូច្នេះហើយនាងក៏មានជំនឿចិត្តថារឿង “អ្នកបម្រើ007 ” នឹងទទួលបានជោគជ័យនៅពេលចាប់ផ្តើមចាប់បញ្ចាំងនៅគ្រប់រោងកុន៕