
នាវាមុជទឹករុស្ស៊ី ចំនួនមួយគ្រឿង បានបាញ់មីស៊ីលម៉ាក Kalibr ចេញពីសមុទ្រមេឌីទែរ៉ាណេ តម្រង់គោលដៅទៅទីក្រុង Deir ez-Zor ប្រទេសស៊ីរី ដោយបានបំផ្លាញទីបញ្ជាការរដ្ឋអ៊ីស្លាម និងឃ្លាំងអាវុធដ៏ធំមួយកន្លែង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាយប់ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។

កាលពីម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាមុជទឹកម៉ាក Varshavyanka មកពីទីក្រុង Veliky Novgorod បើកការវាយប្រហារទៅលើក្រុមភេរវករអ៊ីស្លាម (ISIS / ISIL) ដោយបានបំផ្លាញទីបញ្ជាការជាច្រើន និងឃ្លាំងអាវុធដ៏ធំមួយកន្លែង នៅក្បែរភូមិ Abu Kemal។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៥ ខែតុលា នាវាមុជទឹករុស្ស៊ី Kolpino បានបាញ់មីស៊ីល Kalibr ជាច្រើនគ្រាប់ ទៅលើទីបញ្ជាការរដ្ឋអ៊ីស្លាម និងឃ្លាំងអាវុធដ៏ធំមួយកន្លែងនៅក្នុងប្រទេសស៊ីរី ដោយទទួលបានជោគជ័យ៕