
កំពតៈ កូនស្រីវ័យ១៨ឆ្នាំម្នាក់ បានវង្វែងបាត់មិនឃើញត្រឡប់មកផ្ទះ ខណៈដើរទៅផ្សារជាមួយម្ដាយ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
អ្នកមីង ហែម ប៉ិច អាយុ៤៩ឆ្នាំ ទីលំនៅ ភូមិអង្គជ័យទី2 ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាមួយប្ដីឈ្មោះ ផូង លី ហៅកុយ អាយុ៥០ឆ្នាំ បានកាន់រូបថតកូនស្រី មកប្ដឹងសមត្ថកិច្ចឲ្យស្វែងរក កូនស្រីឈ្មោះ ហេង ស្រីមុំ អាយុ១៨ឆ្នាំ ដែលបានបាត់ខ្លួន។
ស្រ្តីជាម្ដាយ បានរៀងរាប់ទាំងអួលដើម.កប្រាប់សមត្ថកិច្ចថា គាត់និងកូនស្រី បាននាំគ្នាមកផ្សារ ដែលមានចម្ងាយ៦គីឡូពីផ្ទះ ពេលមកដល់គាត់ក៏រៀបចំទិញរបស់របរ បាន១០នាទីក្រោយមក កូនគាត់ក៏សុំទៅបត់ជើង ២០នាទីក្រោយមកគាត់បាត់កូន ក៏មានការសង្ស័យរួចទៅតាមមើលគ្រប់បន្ទប់ទឹក និងជុំវិញផ្សារ តែរកមិនឃើញកូន ហើយនៅវេលាម៉ោង៤រសៀល ថ្ងៃខែដដែល គាត់ក៏ដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគបាល ឃុំដំណាក់កន្ទួតខាងត្បូង ដើម្បីជួយរក នៅតែរកមិនឃើញ។

ម្តាយជនរងគ្រោះ បានបន្តទៀតថា មុនពេលកើតហេតុ គាត់បាននាំកូនចូលកន្លែងលក់មាសហើយមានប្រាក់៥០ដុល្លារ រួចឲ្យកូនស្រីល ពាក់ខ្សែដៃមើល ហើយមានមនុស្សស្រីម្នាក់ តាមមើល រួចប្រាប់គាត់ថា យកទៅល្អហើយខ្សែដៃហ្នឹង តែគាត់មិនបានទិញនោះទេ គាត់ក៏ចេញទៅ តែស្រ្តីម្នាក់នោះ មិនដឹងទៅណាបាត់ទៅ ។ ម្ដាយជនរងគ្រោះបន្តទៀតថា កូនស្រីគាត់រៀនបានត្រឹមថ្នាក់ទី៩ ហើយនៅផ្ទះជាមួយឪពុកម្តាយរកស៊ី ធ្វើស្រែចម្ការ មិនដែលទៅណាមកណា ដោយមិនប្រាប់ឪពុម្តាយឡើយ ហើយក្នុងពេលបាត់ខ្លួន កូនគាត់មានតែក្រវិលជ័រមួយគូ និងទូរស័ព្ទ N-ចុចពិលមួយ ព្រមទាំងលុយ៣០០០រៀលតែប៉ុណ្ណោះ។
ដូច្នេះគាត់ជាឪពុកម្តាយ សុំអំពាវនាវដល់អាជ្ញាធរ គ្រប់ទីកន្លែង មេត្តាជួយរក និងសាធារណៈជនទូទៅគ្រប់មជ្ឈាន បើបានឃើញក្មេងស្រីដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកគាត់ផង តាមរយៈលេខទូរស័ព្ទ 088 72 50 028៕
