
ភ្នំពេញៈ មានការទម្លាយថា តារាចម្រៀងឈរលំដាប់ទី១ ក្នុងផលិតកម្មថោន លោក ខេម ស្រាប់តែទៅចរចារថតខ្សែភាពយន្តនៅផលិតកម្មមួយ ដែលមិនមែនជាការរៀបចំរបស់ផលិតកម្មថោន។ ដំណឹងមួយនេះ បានក្លាយជាចំណោទថ្មី ធ្វើឲ្យទស្សនិកជនកំពុងតែងឿងឆ្ងល់ ហើយតម្លៃខ្លួនរបស់លោក ខេម ដែលត្រូវបានអញ្ជើញឲ្យទៅថតរឿងនៅផលិតកម្មផ្សេងនោះ ច្បាស់ជាមិនធម្មតានោះដែរ។
យោងតាមប្រភពពីតារាសិល្បៈម្នាក់បានប្រាប់ Cam Post ថា ពេលនេះកំពុងតែរៀបគម្រោងចេញថត ហើយទំរាំតែខាងផលិតកម្មថោនសម្រេចចិត្តឲ្យ ខេម ដែលកំពូលជាតារាចម្រៀងលំដាប់យុវវ័យចូលខ្លួនទៅថតភាពយន្តក្នុងផលិតកម្មដ៍ទៃនោះ គឺឆ្លងកាត់ការចរចារតឹងតែងណាស់ ទើបបានឯកភាពគ្នាជាផ្លូវការ។

ប្រភពដដែលបានអះអាងទៀតថា មូលហេតុមានភ្លើងខៀវទាញយក ខេម ទៅបាន គឺមកពីមានលក្ខខណ្ឌជួយផ្សព្វផ្សាយដាក់ទូរទស្សន៍ថោនពីផលិតកម្មនោះ។ អុីចឹងហើយ ក្រោមហេតុផលចំណេញបែបពាណិជ្ជកម្ម ទើបថោនយល់ព្រម។
ប្រភពខាងលើបានទម្លាយទៀតថា កុំតែ ខេម រវល់ជាមួយការប្រគុំតន្រ្តីនៅតាមខេត្ត-ក្រុងទេនោះ រឿងដែលនឹងសម្តែងដោយលោក ខេម ធ្វើការក្រុងពាលីបាត់ហើយ។
លោក ខេម នឹងចូលសម្តែងកុនជូនផលិតកម្មនោះ ក្នុងរឿង"ព្រាយកូនភ្លោះ" ដោយក្នុងអំឡុងខែធ្នូ២០១៧ គឺចាប់ផ្តើមក្រុងពាលីជាផ្លូវការណ៍ ហើយពិធីសែនព្រេន នឹងត្រូវរៀបចំឡើងនៅកោះដាច់៕



