
ភ្នំពេញៈ លោក អ៊ួន ឈិន ដែលគេគ្រប់គ្នាស្គាល់ថា ជាបុគ្គលិកវិទ្យុអាស៊ីសេរី និងជាអ្នកយកព័ត៌មានជើងចាស់មួយរូបនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួន ហើយបញ្ជូនភ្លាមៗទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ ប្រាប់ Cam Post នៅមុននេះបន្តិចថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន នៅចំណុចបន្ទប់E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី នៅស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦៖៣០នាទី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។ លោកបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភ័ក្រ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។
បើតាមលោក តេង ស៊ីណូ បញ្ជាក់ឲ្យដឹងថា លោក អ៊ួន ឈិន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថា អ៊ួន ឈិន បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ដោយខុសច្បាប់ ប៉ុន្តែមិនទាន់ដំណើរការ។ លោកអធិការបញ្ជាក់បន្ថែមថា នៅថ្ងៃស្អែក ថ្ងៃទី១៥ ខែវិច្ឆិកា សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យលើភស្តុតាង ដែលបានរកឃើញនៅល្ងាចមិញនេះ។
គួរជម្រាបថា បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា បិទដំណើរការផ្សាយរបស់វិទ្យុជាង២០មកនោះ វិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយយល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យខ្លួនបន្តបេសកកម្មបានទៀតទេ។
វិទ្យុទទួលជំនួយពីបរទេសមួយនេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាល មកលើប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះថា ជាការបង្ក្រាបមកលើសំឡេងឯករាជ្យ។ នេះបើយោងសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋានៅទីក្រុងវ៉ស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។
ឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះ ក្រសួងព័ត៌មាន បានធ្វើសន្និសីទកាសែតបញ្ជាក់ថា ក្រសួងមិនបានបិទការិយាយល័យវិទ្យុអាស៊ីសេរី និងកាសែតខេមបូឌាដេលី ដូចអ្វីដែលបានចោទប្រកាន់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងបាន និងកំពុងរកវិធីជួយបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានបុគ្គលិកមួយចំនួនថា នឹងធ្វើការក្នុងទីងងឹត (ចារកម្ម) ផងដែរ៕












