Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​កណ្តាលៈ បដិវត្តពណ៌ វាបង្កមហន្តរាយវិនាសកម្ម ដូច្នេះហើយ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវការពារដាច់ខាតមិនឲ្យកើតមាននៅក្នុងប្រទេសកម្ពុជាឡើយ​។

ការថ្លែង និងអះអាងរបស់ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល​ នៅគ្រាដែលលោកស្នងការ ចុះផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើ ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានអះអាងនៅចំពោះមុខមន្រ្ដីនគរបាលទាំងអស់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ប្រឆាំងដាច់ខាតចំពោះឧបាយកលផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងមិនឲ្យកើតមានបដិវត្ដពណ៌នៅក្នុងប្រទេសដែលកំពុងមានសន្ដិភាព និងកំពុងមានការអភិវឌ្ឍគ្រប់វិស័យ ក្រោមការដឹកនាំប្រទេសដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះដែរ ស្នងការខេត្ដកណ្ដាលបានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ និងធានាឲ្យបាននូវស្ថិរភាព​ សុវត្ថិភាពក្នុងមូលដ្ឋាន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។

បន្ទាប់ពីស្ដាប់ការផ្សព្វផ្សាយវិធានការខាងលើរួចមក កងកម្លាំងនគរបាលទាំងអស់បានប្ដេជ្ញារក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការពាររដ្ឋាភិបាលស្របច្បាប់មិនឲ្យកើតមានអសន្តិសុខ និងបដិវត្តពណ៌ ដែលពួកអមិត្តបង្កើតតាមគ្រប់រូបភាព។

សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះ គឺធ្វើបានចំនួន៤ស្រុករួចមកហើយ ហើយនឹងបន្ដចុះធ្វើគ្រប់បណ្ដាស្រុក-ក្រុងទាំង១១ នៅទូទាំងខេត្តកណ្តាលផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor