ខេត្តកំពង់ឆ្នាំង៖ កីឡាចំបាប់ប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង សហពន្ធ័កីឡាចំបាប់កម្ពុជាជាមួយនិងដៃគូពាក់ពន្ធ័នឹងរៀបចំព្រឹត្តិការណ៏ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកទូទាំងប្រទេស ចាប់ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានខេត្តកំពង់ឆ្នាំង។
លោក ធិន វិចិត្រ អគ្គលេខាធិការ សហពន្ធ័ចំបាប់កម្ពុជា បានឲ្យដឹងថាគោលបំណងនៃការរៀបចំព្រឹត្តិការណ៏នេះ គឺដើម្បីលើកស្ទួយវិស័យកីឡាចំបាប់ឲ្យមានភាពរីកចម្រើន និង មានលក្ខណៈទ្រង់ទ្រាយធំ ដែលជាការជំរុញឱ្យមានការស្រលាញ់ចូលចិត្តពីសាធារណជន។
លោកបានបន្តថា កីឡាចំបាប់ដែលនឹងយកមកប្រកួតមានលក្ខណៈជាកីឡាចំបាប់បែបទំនើប កីឡាចំបាប់ប្រពៃណី និង កីឡាចំបាប់ហ្ក្រេកូរ៉ូមាំង។ កីឡាករដែលនឹងចូលរួមប្រកួតមានចំនួនជាង ១០០ គូ និង ១៦ ប្រភេទទំងន់ ដែលមានមេដាយសរុប ៦៨មេដាយ ដោយចែកជា មេដាយមាស ១៧ មេដាយប្រាក់ ១៧ និង មេដាយសំរឹទ្ធចំនួន ៣៤។
សូមបញ្ជាក់ថា សាលាខេត្តកំពង់ឆ្នាំ មន្ទីអប់រំយុវជន និង កីឡាខេត្ត និង សាលាក្រុងកំពង់ឆ្នាំង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំព្រឹត្តិការណ៏កីឡានេះ ដែលចូលរួមចំណែកកសាងទំនាក់ទំនងសង្គមជាតិ អន្តរជាតិ និង ជាពិសេស កីឡាធ្វើអោយយុវវ័យអាចជៀសឆ្ងាយពីគ្រឿងញៀន៕

