នៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីនៅតាមក្រសួងស្ថាប័ននានា រៀបចំពិធីបូងសួងនៅខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិ និង ប្រជាជនកម្ពុជា។
តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅក្នុងពិធីនោះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភរិយារបស់លោក និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត ដែលមានរាប់បាតព្រះសង្ឃចំនួន៥០០០អង្គ។ ក្រៅពីបួងសួងសុំសេចក្តីសុខ ក៏ជាការដឹងគុណដល់បុព្វបុរសដែលបន្សល់ទុកនូវប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលយើងត្រូវរួមគ្នាថែរក្សាឱ្យមានគង់វង្សដើម្បីជាការដឹងគុណផង។
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំកម្មវិធី កាលពីថ្ងៃអង្គារម្សិលមិញលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមួយចំនួនទៀត បានធ្វើដំណើររួមគ្នាទៅពិនិត្យមើលទីតាំងនៃការរៀបចំពិធី។
លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតែងលើកឡើងជាញឹកញាប់ថា កម្ពុជាកំពុងតែមានសេចក្តីសុខ មានការរីកចម្រើនគ្រប់វិស័យ និងមានសន្តិភាពពេញលេញនាំឲ្យពលរដ្ឋសប្បាយរីករាយ។


