Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សហ្វ៊ុន ស៊ិនប៉ិច បានសម្រេចដាក់បេក្ខភាពលោក នុត សុខុម ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក យូ ហុកគ្រី ជាអនុប្រធានទី១។ នេះបើតាមការឲ្យដឹងពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយរដ្ឋសភាប្រកាសផ្តល់សុពលភាព នាព្រឹកថ្ងៃទី២៧ វិច្ឆិកាឆ្នាំ ២០១៧ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ មានព្រះបន្ទូលថា ខ្ញុំកោតសសើរ ដល់អស់លោក លោកស្រីទំាងអស់ ដែលបានជាប់ជាសមាជិករដ្ឋសភាថ្មី។

ព្រះអង្គបានមានព្រះបន្ទូលបញ្ជាក់ថា «ខ្ញុំបានដាក់ លោក នុត សុខុម ជាអនុប្រធាន គ.ជ.ប មានតួនាទីធំ។ មុនដំបូងយើងបានជ្រើសរើសលោក យូ ហុកគ្រី  ប៉ុន្តែច្បាប់មិនអនុញ្ញាត ព្រោះគាត់មានសញ្ជាតិពីរ គេមិនអនុញ្ញាតទេ។ ប៉ុន្តែលោក យូ ហុកគ្រី បានជាអនុប្រធានរដ្ឋសភាទី១។ ខ្ញុំធ្លាប់ធ្វើជាប្រធានរដ្ឋសភា ខ្ញុំអត់ធ្វើទេ»

ចំពោះការប្រកាសចូលជាសមាជិករដ្ឋសភាថ្មីនេះ សម្តេចក្រុមព្រះ បានបន្ថែមក្នុងការចូលជាសមាជិកសភា គឺស្របតាមការកំណត់របស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិកន្លងមក ហើយសមាជិកគណបក្សទំាងអស់ នឹងចុះធ្វើការតាមមូលដ្ឋានរបស់ខ្លួននិមួយៗ ដើម្បីឲ្យបានជាប់ឆ្នោតនៅពេលខាងមុខនេះ។

ចំណែកលោក ហួន  រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលទទួលបានអាសនៈចំនួន១ ក៏បានឲ្យដឹងថា ការចូលរួមរបស់សមាជិកសភាថ្មីទំាង៤៤រូបថ្ងៃនេះ គឺធ្វើតាមការកំណត់របស់សភាធម្មនុញ្ញ ដែលបានកំណត់ជូន។

លោកបញ្ជាក់ថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានប្រកាន់ជំហរថា នៅពេលចូលរួមសភាជាតិគណបក្សលោកនៅប្រកាន់ជាបក្សប្រឆាំងមួយ ស្របតាមរដ្ឋធម្មនុញ្ញ។ លោកថា « បក្សប្រឆាំងរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកាន់ភ្ជាប់ ភាពមិនលំអៀង មិនធ្វើដូចគណបក្សប្រឆាំង(គណបក្សសង្គ្រោះជាតិ)។ ហើយយើងប្រកាន់ភ្ជាប់ មិនបាតុកម្ម កូដកម្មនោះទេ។ ការធ្វើបាតុកម្ម  កូដកម្ម គឺជាចំណុច ប្រមូលផ្តុំកម្លាំង​នោះជាកំហុសឆ្គងធំណាស់»

ជាមួយគ្នានោះដែរ ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏បានលើកឡើងតបនឹងការិះគន់របស់មតិ​សាធារណៈជុំវិការទទួលយកអាសនៈគណបក្សសង្គ្រោះជាតិថា លោកប្រកាន់ភ្ជាប់ នឹងធ្វើការបកស្រាយនៅក្នុងរដ្ឋសភា ដោយមិនធ្វើការបកស្រាយនៅពេលនេះទេ។

សូមជម្រាបនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា នេះ រដ្ឋសភាបានប្រកាសផ្តល់សុពលភាពសមាជិក សភាថ្មីចំនួន៤៤រូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៤១រូប គណបក្សសញ្ជាតិកម្ពុជា២រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន១រូប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor