
ភ្នំពេញៈ នារសៀលថ្ងៃទី៦ វិច្ឆិកា នេះ មេធាវីតំណាងដោយអាណត្តិរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច បានចូលមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺការពារ និងផ្ដល់ភស្តុតាងបន្ថែមទៅលើបណ្ដឹងប្ដឹងលោក លី ឡាយស្រេង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។
ចំណែកលោក លី ឡាយស្រេង ត្រូវបានកំណត់ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការនាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ពាក់ព័ន្ធអំពើបរិហារកេរ្តិ៍ជាសាធារណៈ និងការប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។
ការកោះហៅនេះក្រោយមេធាវីតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក គី តិច កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានយកពាក្យបណ្តឹង ប្ដឹងលោក លី ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ទៅដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវី គី តិច បានឲ្យដឹងថា កម្មវត្ថុ គឺប្ដឹងលោក លី ឡាយស្រេង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ទាក់ទងអ្វីដែលលោក លី ឡាយស្រេង និយាយថា សម្តេចតេជោឲ្យលុយមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ។
លោក គី តិច បានបញ្ជាក់ថា ការលើកឡើងរបស់លោក លី ឡាយស្រេង បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសម្តេចនាយករដ្ឋមន្រ្តីយ៉ាងធ្ងន់ធ្ងរ ដោយសារសម្តេចមិនបានធ្វើបែបនេះទេ។
សូមបញ្ជាក់ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លី ឡាយស្រេង ពេលនេះកំពុងរងបណ្តឹងយ៉ាងច្រើន ក្រោយពីបែកធ្លាយសារសំឡេងសន្ទនា ជាមួយលោកស្រី គី លំអង កាលពីថ្មីនេះ ដែលបណ្តឹងទាំងនោះរួមមាន បណ្តឹងពីគណបក្សហ៊្វុនស៊ិនប៉ិច បណ្តឹងពីសម្តេចតេជោ ហ៊ុន សែន និងបណ្តឹងពីក្រសួងយុត្តិធម៌ តំណាងឲ្យព្រះមហាក្សត្រ។ ក្រសួងយុត្តិធម៌កាលពីពេលថ្មីៗនេះ បានចេញអធិបញ្ជាឲ្យអយ្យការអមតុលាការចាត់ការប្ដឹងលោកលី ឡាយស្រេង តាមផ្លូវច្បាប់ផងដែរ។
គួរកត់សម្គាល់ថា ក្នុងពេលតុលាការចាត់ការសំណុំរឿងលោក លី ឡាយស្រេង នេះ លោក លី ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តាមជើងហោះហើរ Bangkok Air PG 938 ដើម្បីគេចចេញពីបណ្តឹងទាំងនេះ៕


