Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្មការិនី២នាក់ ដែលម្នាក់កំពុងមានផ្ទៃពោះផងដែរនោះ បានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈស្ត្រីរងទាំង២នាក់ កំពុងជិះម៉ូតូឌុបគ្នាទៅផ្ទះ ហើយរថយន្ត១គ្រឿង បើកបុកយ៉ាងពេញទំហឹង។

សមត្ថកិច្ចបានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ឆុន លីដា ភេទស្រី អាយុ២២ឆ្នាំ (មានផ្ទៃពោះ) និងឈ្មោះ ទួន ណារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ (របួសជើងធ្ងន់ធ្ងរ)។ អ្នកទាំង២នាក់នេះ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ពួកគេជិះម៉ូតូ១គ្រឿង ម៉ាកហុងឌាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-1337។ ដោយឡែករថយន្តបង្កហេតុ ម៉ាកកូរ៉ូឡា ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2G-4843 បើកបរដោយជនជាតិកូរ៉េ មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពពីអ្នកភូមិដែលឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ២នាក់ខាងលើ កំពុងជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានបត់ឆ្លងផ្លូវ។ ស្របពេនោះ ស្រាប់តែរថយន្តបង្កបើកបរយ៉ាងលឿន មកដល់ជាន់ហ្វ្រាំងអូសជាង២០ម៉ែត្រ ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្ត្រីទាំង២នាក់ ដួលរងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយកើតហេតុ ដោយសាររង់ចាំរថយន្តសង្គ្រោះយូរពេក ប្រជាពលរដ្ឋក៏ដឹកបញ្ជូនស្រ្តីរងគ្រោះទាំង២នាក់ ដឹកតាមរុឺម៉កម៉ូតូ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាលរបួស ព្រោះក្នុងចំណោមស្រ្តី២នាក់នោះ មានម្នាក់កំពុងមានផ្ទៃពោះ។

ករណីនេះ នគរបាលចរាចរបានចុះទៅវាស់វែង រួចយកជនបង្ក រួមទាំងរថយន្ត និងម៉ូតូ ទៅរក្សាទុក និងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយទៅតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor