
កំពង់ធំៈ សាខាកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្ម បន្តប្រតិបត្តិការ ចុះពិនិត្យឆែកឆេរផ្សារកំពង់ថ្ម ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដោយបានរកឃើញផលិតខូចគុណភាពជាច្រើនមុខ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងសាខាកាំកុងត្រូលរកឃើញផលិតផលហាមឃាត់ និងអាហារខូចគុណភាពសរុប៨មុខ ក្នុងនោះ មានចាហ៊ួយដំណាប់ដូង១៥កេសធំ ផលិតនៅវៀតណាម, ស្រាបៀរ CT Gold ចំនួន១៧កេស, ទឹកក្រូចចម្រុះ៤ប្រភេទ សរុប១៧០ដបធំ និងកម្ទេចមី នំស្រួយ ចំនួន៧៤កញ្ចប់។

នៅព្រឹកថ្ងៃដដែលនេះ កម្លាំងជំនាញកាំកុងត្រូល បានបន្តចុះអប់រំណែនាំអាជីវករបិទស្ពិចឃ័រលើផលិតផលឲ្យបានត្រឹមត្រូវ និងបង្រៀនឲ្យចេះពីនិត្យមើលការបរិច្ឆេត ពន្យល់ណែនាំពួកគាត់ឲ្យចេះរៀបចំទុកដាក់មុខទំនិញ ព្រមទាំងរបៀបអនាម័យផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអាជីវករ ក៏បានសាទរចំពោះការខិតខំយកចិត្តទុកដាក់ របស់មន្ត្រីសមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ធំ តែងតែចុះពិនិត្យជាប្រចាំ ដើម្បីការពារផលប៉ះពាល់សុខមាភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល៕






