
ព្រៃវែងៈ មេគោមួយក្បាល ត្រូវបានខ្សែភ្លើងឆក់ប្រកាច់ធ្លាក់ទឹក ម្ចាស់ឃើញដូច្នោះក៏រត់ទៅជួយយកដៃចាប់កន្ទុយ ស្រាប់តែឆក់ ស្លាប់ទាំងម្ចាស់ ងាប់ទាំងគោភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ករណីខ្សែភ្លើងឆក់ ស្លាប់ទាំងមនុស្ស ងាប់គោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិអូរ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។
ម្ចាស់គោ ដែលបាត់បង់ជីវិតឈ្មោះ ភឿន ភាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់ភូមិត្រពាំងកំពិស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបកសិករ ។

បើតាមប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេគោញីមួយក្បាលមានសម្បុរក្រហម កំពុងស៊ីស្មៅនៅកន្លែងគេព័ន្ធរាយខ្សែភ្លើង ស្រាប់តែបន្តិចក្រោយមកក៏ឆក់សត្វមេគោប្រកាចបាស់ជើងឡើងលើ ម្ចាស់ឃើញដូច្នោះ ក៏រត់ទៅជួយយកដៃទៅកាន់កន្ទុយទាញចេញ ក៏ត្រូវបានខ្សែផ្តាច់ជីវិតទាំងម្ចាស់ និងគោនៅនឹងកន្លែងតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមកដល់ពិនិត្យ ឃើញថា ខ្សែភ្លើងរាយខ្វះបច្ចេកទេស បណ្ដាលឲ្យ ឆក់គោងាប់ ហើយជនរងគ្រោះទៅជួយ ក៏ត្រូវខ្សែភ្លើងឆ្លងពីគោមកមនុស្ស បណ្តាលឲ្យស្លាប់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាវជ្រាវរកម្ចាស់ដាក់ខ្សែ ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


