Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សេចក្ដីរាយការណ៍ច្បាស់ការមួយ បានឲ្យ​ដឹងថា នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤រសៀលខាងមុខនេះ ក្រុមប្រឹក្សាជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានឈ្មោះ ថោង សារ៉ាត់ និងបក្ខពួកជាជនជាប់ចោទនៃបទឧក្រិដ្ឋនេះ។

ការសម្រេចលើកយករឿងក្ដីនេះមកប្រកាសសាលក្រមនៅថ្ងៃទី១៣ វិច្ឆិកា ខាងមុខ គឺបន្ទាប់ពីតុលាការបានខកខាន និងពន្យាពេលក្នុងការប្រកាសសេចក្ដីសម្រេចនៃសាលក្រមនេះអស់រយៈពេលជាង៦ខែមកហើយ ដែលជាមូលហេតុធ្វើឲ្យ​មហាជន រួមទាំងក្រុមគ្រួសារជនរងគ្រោះផងដែរ មានការងឿងឆ្ងល់យ៉ាងសម្បើម ព្រោះតែការពន្យាពេលនេះពិតមែនតែមិនខុសច្បាប់ តែវាជាករណីចំឡែកខុសប្រក្រតីក្នុងប្រវត្តិសាស្ត្រនៃការកាត់ក្ដីរបស់តុលាការកម្ពុជា ខណៈពេលដែលជនជាប់ចោទជាមេក្លោងក្នុងការប្រព្រឹត្តបទឧក្រិដ្ឋបានស្ថិតនៅក្រៅពន្ធនាគារក្រោមរូបភាពសម្រាកព្យាបាលរោគារនាមន្ទីរពេទ្យរុស្ស៊ីយ៉ាងត្រជាក់ល្ហឹម។

សូមរំលឹកថា ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅពីព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០១៧ បានបិទបញ្ចប់សវនាការលើសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប៉ុន្តែតុលាការបានសម្រេចកំណត់យកថ្ងៃទី៥ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីប្រកាសសាលក្រម។

សវនាការរឿងក្ដីឃាតកម្មមួយនេះ បានធ្វើឡើងជាច្រើនលើកមកហើយ ដែលតួអង្គសំខាន់ពាក់ព័ន្ធថា ជាអ្នកនៅពីក្រោយខ្នង និងជាអ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ គឺជនជាប់ចោទមានងារជាឧកញ៉ាឈ្មោះ ថោង សារ៉ាត់ មិនដែលមានវត្តមានក្នុងសវនាការទេ ទោះជានៅក្នុងថ្ងៃតុលាករបញ្ចប់នីតិវិធីសួរដេញដោលឈានមកបិទបញ្ចប់សវនាការក្នុងពេលនេះ។

មេធាវីការពារក្តីឲ្យជនត្រូវចោទ ថោង សារ៉ាត់ តែងតែជម្រាប​ជូនអង្គសវនាការគ្រប់ពេលថា កូនក្តីមានជំងឺសម្រាកនៅមន្ទីរពេទ្យ មិនអាចចូលឆ្លើយ និងសំនួរដេញដោលរបស់តុលាការបានទេ។

សវនាការនេះមានលោកចៅក្រម តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងរឿងក្តីនិងលោក ហឹង ប៊ុនថន ជាតំណាងអយ្យការ។

គួរកត់សម្គាល់ថា មុនពេលបញចប់សវនាការ ក្រុមមេធាវីការពារផ្លូវច្បាប់ឲ្យ​ជនរងគ្រោះបានសំណូមពរឲ្យ​តុលាការផ្ដន្ទាទោសក្រុមជនដៃដល់ឲ្យ​បានតឹងរឹង និងទាមទាសំណងជំងឺចិត្តពីមេផ្ដើមគំនិតឈ្មោះ ថោង សារ៉ាត់ ចំនួន៥០លានដុល្លារ និងពីក្រុមជនដៃដល់ចំនួន១០លានដុល្លារ។

លោក ហ៊ឹង ប៉ុនថន ព្រះ​រាជអាជ្ញារង និងជាតំណាងអយ្យការក្នុងរឿងក្ដីនេះ បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកបទចោទប្រកាន់លើជនជាប់ចោទឲ្យ​នៅជាធរមានដដែល។

ក្រុមមេធាវីកសរពារឲ្យ​លោក ថោង សារ៉ាត់ និងជនជាប់ចោទ៤នាក់ផ្សេងទៀត បានស្នើអោយតុលាការពិនិត្យមើលភស្តុតាងដោះបន្ទុកទាំងអស់ និងលើកលែងចោទប្រកាន់ និងដោះលែងជនជាប់ចោទអោយមានសេរីភាពវិញ។

សូមរំលឹកថា សំណុំរឿងឃាតកម្មបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នេះមានជនជាប់ ចោទទាំងអស់៦នាក់ ទី ១ . ឧកញ៉ា ថោង សារ៉ាត់ (អ្នកផ្តើមគំនិត) ២.ឈ្មោះ សៀង វាសនា (ជាជនដៃដល់ កាន់កាំភ្លើងដើរចូលទៅបាញ់មិនញញើតដៃ ពេលជនរងគ្រោះកំពុងចុះពីលើរថយន្ត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅមុខហាងលក់ផ្លែឈើ ក្បែរង្វង់មូលអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី២២ វិច្ឆឹកា ២០១៤ ។ ៣.ឈ្មោះ កូយ ចាន់ថុល ៤.ឈ្មោះ ឈុន ចិត្រា ៥.ឈ្មោះ មាស សម្បត្តិ និង៦.ឈ្មោះ លី សៅ ហៅ វី (ស្លាប់នៅក្នុងឃុំ) ។

សវនាការជាច្រើនលើក បានសាកសួរដេញដោលលើជនជាប់ចោទ៤នាក់ ដែលតែងតែមានវត្តមាននៅមុខរង្វង់ក្រចេះ។ ជាមួយនោះផងដែរ អង្គសវនាការបានសាកសួរដេញដោល ឆ្លងកាត់ដល់ដំណាក់ការសាក្សី រួមទាំងបញ្ចាំងស្លាយវីដេអូ នូវប្រព្រឹត្តការមុន និងពេលកើតហេតុ ទាក់ទងសកម្មភាពខ្មាន់កាំភ្លើងតាមបាញ់ប្រហារលោកឧកញ៉ា អ៊ឹង ម៉េងជី។ អ្វីដែលសំខាន់ទៀតនោះរបាយការរបស់សមត្ថកិច្ចចម្លើយឈ្មោះ លី សៅ ហៅវី បានសារភាពអស់ហើយថា ជនជាប់ចោទ១ ក្រុមនេះរួមទាំងឧកញ៉ាថោង សារ៉ាត់ គឺពិតជាជាប់ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។

ជនជាប់ចោទសុទ្ធតែត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទផ្ដើមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទ័ណ្ឌ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor