Sponsor
រិទ្ធី

នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំប្រចាំអឌ្ឍមាស (ប្រជុំពីរសប្តាហ៍ម្តង {Bi-Weekly Meeting}) ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានការប្រកាសតែងតាំង និងផ្តល់ឋានៈមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំនួន ០៣រូប ដោយព្រះរាជក្រឹត្យ រួមមាន៖

១-ឯកឧត្តម ជា តារា ជា ទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយក

២-ឯកឧត្តម គឹម ចន្ទតារា ជា ទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយក

៣-លោកជំទាវ បុត្រ ភ័ក្ត្រសត្យា ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយក បន្ថែមលើ មុខងារបច្ចុប្បន្ន។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា៖ ការតែងតាំងមុខតំណែងមន្ត្រីរបស់ក្រសួង នាឱកាសនេះ ក៏ដូចជាកន្លងមក ជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីម្នាក់ៗក្នុងការ បំពេញការងារជូនក្រសួង និងរាជរដ្ឋាភិបាល បានលទ្ធផលល្អប្រសើរ ធ្វើឲ្យក្រសួងដែលទើបកកើត ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៥នេះ ទទួលនូវលទ្ធផលផ្លែផ្កា និងជោគជ័យក្នុងភារកិច្ចថ្មីៗជាច្រើន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំថា៖ មន្រ្តីដែលទើបតែងតាំងខាងលើនេះ ជាមន្រ្តីដែលមានបទពិសោធន៍ការងារខ្ពស់។

 ក្នុងនោះ ឯកឧត្តម ជា តារា និង ឯកឧត្តម គឹម ចន្ទតារា ជាមន្ត្រីធ្លាប់បម្រើការងារផ្នែកជំនាញក្នុងអគ្គនាយកដ្ឋានកិច្ចការទូទៅ និងជំនាញផ្នែកមាត្រាសាស្ត្រ ក្នុងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ មុនចូលនិវត្សន៍។ ដូច្នេះ ឯកឧត្តមបានស្នើឲ្យឯកឧត្តម ទីប្រឹក្សាក្រសួងទាំងពីរ សហការធ្វើការ ជួយចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីពង្រឹងបន្ថែមនូវប្រសិទ្ធភាពការងារ នៃអគ្គនាយកដ្ឋានទាំងពីរខាងលើ។ ដោយឡែក លោកជំទាវ បុត្រ ភ័ក្ត្រសត្យា ដែលមានជំនាញផ្នែកគ្រប់គ្រងមន្រ្តីរាជការសង្ឃឹមថានឹងបំពេញការងារស្នូលរបស់ខ្លួន បានជោគជ័យថ្មីៗបន្ថែមទៀត។ 

ឆ្លៀតឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុក ដែលបានអនុវត្តបានល្អប្រសើរតាមការណែនាំ ធ្វើឲ្យប្រទីបរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តុបតែងមានសោភ័ណ្ឌភាពទាក់ទាញ និងជោគជ័យគ្មានរអាក់រអួល ក្នុងឱកាសលយប្រទីប ក្នុងពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ នាពេលកន្លងទៅ។ ជាមួយគ្នានេះ ការចូលរួមប្រារព្វពិធីបុណ្យឯករាជ្យជាតិ និងគោរពវិញ្ញាណក្ខ័ណ្ឌព្រះបរមរតនៈកោដ្ឋ គឺបានចូលរួមយ៉ាងសស្រាក់សស្រាំ មិនមានអវត្តមានឡើយ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor