
ភ្នំពេញៈ លោក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្ទុះចេញពីរថយន្ត ដេញចាប់ក្រុមចោរឆក់ដ៏សកម្មក្នុងរាជធានីភ្នំពេញបានម្នាក់ កាលពីវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្លើងស្តុប ក្បែរវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ី ពន្លឺ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង។

ប្រភពបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាបក្ខពួកក្រុមចោរឆក់ ដែលគី្នគ្នាប្រមាណ៤ ទៅ៥នាក់ ហើយបក្ខពួករបស់គេមួយចំនួន ក៏ត្រូវបានសមត្ថកិច្ចចាប់ញាត់គុកនាពេលកន្លងទៅផងដែរ។
ប្រភពដដែលបានបន្តថា ក្រុមចោរឆក់នេះ បានរត់គេចពីក្រញាំដៃរបស់សមត្ថកិច្ច ហើយបន្តមុខរបរដើរឆក់ជាហូរហែររាប់សិបដងបន្តទៀត។ ហើយនៅវេលាកើតហេតុខាងលើ ក៏ត្រូវឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដេញចាប់បានម្នាក់ទៀត ក្នុងចំណោមបក្ខពួក២ទៅ៣នាក់ ដោយផ្ទាល់។
ករណីចោរឆក់ដ៏សកម្មក្នុងរាជធានីភ្នំពេញ កន្លងមក កម្លាំងអាវុធហត្ថបានយកចិត្តទុកដាក់ នាំគ្នាដុតដៃដុតជើង ក្នុងប្រតិបត្តិការពង្រាយកម្លាំងតាមដានពួនស្ទាក់ និងបង្ក្រាប និងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់រួចមកហើយដែរ៕





