Sponsor
រិទ្ធី

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងក្នុងវេទិកាតុមូលស្ដីពី «ដំណើរការប្រជាធិបតេយ្យក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» ដែលរៀបចំធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ថា ក្រោយការបោះឆ្នោត សិទ្ធិសម្រេចទាំងអស់ នឹងត្រូវប្រគល់ឲ្យអ្នកនយោបាយដែលបានជាប់ឆ្នោត។ លោកបន្ថែមទៀតថា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺមិនអាចមានអំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែល ដឹកនាំ?

អ្នកវិភាគនយោបាយ និងអង្គការសង្គមស៊ីវិលថា៖ លោក សុខ ទូច រំលោភច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិមនុស្ស ដោយសារលោក សុខ ទូច បានលើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិតែក្នុងអំឡុងពេលបោះឆ្នោត។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការលើកឡើងរបស់ លោក សុខ ទូច គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងរំលោភសិទ្ធិមនុស្ស ព្រោះលោកបានបំបាត់សិទ្ធិរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច ជាប្រភពនៃសេចក្ដីសម្រេចនានា។ លោក បន្ថែមថា ដោយសារតែពលរដ្ឋមិនមែនមានសិទ្ធិអំណាចត្រឹមពេលបោះឆ្នោតនោះហើយ ទើបក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិផ្សេងៗ បានចែងថា ពលរដ្ឋគ្រប់មានសិទ្ធិជួបជុំ ប្រមូលផ្តុំ បញ្ចេញមតិដើម្បីបង្ហាញ និងកែតម្រូវអ្នកនយោបាយដែលជាប់ឆ្នោត។

លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល ថា ទស្សនៈបែបនេះ ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យសកល ដែលអនុញ្ញាតឲ្យពលរដ្ឋចូលរួមតាមដានសកម្មភាពរដ្ឋាភិបាល។ ប្រជាពលរដ្ឋអាចសំដែងក្ដីបារម្ភ ឬកង្វល់នានាទៅកាន់រដ្ឋាភិបាល តាមរយៈតំណាងរាស្ត្ររបស់ពួកគាត់។ ជាមួយនេះ ពលរដ្ឋក៏មានសិទ្ធិចូលរួមបោះឆ្នោត និងឈឈ្មោះឲ្យ គេបោះឆ្នោតបានថែមទៀតផង។

សង្គមប្រជាធិបតេយ្យ គេនឹងស្រមៃដល់ប្រទេសមួយដែលសិទ្ធិ និងអំណាចស្ថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើវាសនាប្រទេសជាតិ។ 

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាកម្ពុជា មាត្រា៣៥ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ហើយសេចក្ដីស្នើ ឬកង្វល់របស់ប្រជាពលរដ្ឋត្រូវទទួលបានការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor