
ថៃៈ យ៉ាងហោចណាសក៏មានពលករខ្មែរចំនួន៤នាក់ដែរ ដែលបានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្នុងចំណោមពលករសរុបចំនួន៥នាក់ ខណៈពួកគេទាំងអស់គ្នាបានធ្វើដំណើរតាមរយៈថយន្តតាក់ស៊ី ហើយបានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើយ៉ាងពេញទំហឹង។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅព្រលប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឃុំខៅវង់កុត ស្រុកកែងហាងម៉ែវ ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយបង្កឡើងដោយរថយន្តតាក់ស៊ីមួយគ្រឿង បើកបរដោយជនជាតិថៃ ព្រមទាំងមានដឹកពលករខ្មែរសរុបចំនួន ៥ នាក់ផង ក្នុងគោលបំណងទៅធ្វើការនៅក្នុងទីក្រុងបាងកក ។
សាក្សីមួយចំនួន បាននិយាយថា មុនពេលកើតហេតុគេសង្គេតឃើញរថយន្តតាក់ស៊ីខាងលើ បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ចេញពីផ្លូវ ទៅបុកនឹងគល់ឈើមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកដំណើរនៅក្នុងរថយន្តខ្ទាតចេញពាសវាល ពាសកាល ដោយឡែកអ្នកបើកបររថយន្តដែលជាជនជាតិថៃ មានឈ្មោះ ឡាំភូន កែវយ៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅឃុំបានដុង ស្រុកបានដុង ខេត្តអ៊ុដនថានី កៀបជាប់នៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពេលតម្រួតថៃចុះពិនិត្យទីតាំងកើតហេតុ ទើបដឹងថា អ្នកដំណើរទាំង៥នាក់ គឺជាពលករខ្មែរដោយ៤នាក់ ត្រូវស្លាប់ ( ប្រុស២នាក់ ស្រី២នាក់) និងបុរសម្នាក់រងរបួស នៅក្នុងនោះដែរតម្រួតថៃក៏បានរកឃើញនារីម្នាក់ មានជាប់អត្តសញ្ញាណប័ណ្ណខ្មែរ នៅនឹងខ្លួនដែលមានឈ្មោះ សឿន សឺន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បច្ចុប្បន្នក្រុមតម្រួតថៃ កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកស្លាប់ផ្សេងទៀត ដើម្បីរៀបចំ ឯកសារក្នុងការបញ្ជូនសព ទៅកាន់ស្រុកកំណើតវិញ ដើម្បីប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕






