
ភ្នំពេញៈ ក្មេងស្ចាវ២ក្រុម ដេញវ៉ៃគ្នាប្រសាចពេញផ្លូវ នៅចំណុចរង្វង់មូលសម្ដេចជួនណាត រួចនាំគ្នារត់គេចខ្លួន ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ នាំយកមកសាកសួរ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញក្មេងស្ចាវ១ក្រុម មានគ្នា២ទៅ៣ម៉ូតូ សុំទោសទៅកាន់ក្មេងស្ចាវមួយក្រុមផ្សេងទៀត បន្ទាប់មកមិនដឹងយ៉ាងម៉េច ក្មេងស្ចាវទាំង២ក្រុមនោះ និយាយមិនត្រូវគ្នា ក៏វ៉ៃគ្នាប្រសាចពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់គេឯង រួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ខណៈពេលដែលសមត្ថកិច្ចចុះមកដល់ ក្មេងស្ចាវទាំង២ក្រុមនោះ ក៏នាំគ្នារត់គេចខ្លួនពីកន្លែងកើត ប៉ុន្តែត្រូវបានសមត្ថកិច្ចដេញតាមចាប់ឃាត់បាន យុវជនម្នាក់ ដែលជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GO- 6146 រួចក៏នាំខ្លួនមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។
ក្រោយសមត្ថកិច្ចធ្វើការសួរនាំរួច ទើបដឹងថា យុវជនដែលឃាត់បាននោះ គឺជាជនរងគ្រោះ បន្ទាប់មកសមត្ថកិច្ចក៏ឲ្យក្រុមគ្រួសារនាំទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យសិន ហើយចាំឲ្យមកដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវតាមចាប់ក្រុមក្មេងស្ចាវម្ខាងទៀតយកមកធ្វើការអប់រំ៕




