
សមត្ថកិច្ច ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ក្រោយទទួលបានបណ្តឹង ពីក្រុមគ្រួសារនៃ នារីរងគ្រោះ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ សន ឧត្តម ហៅដំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រីឯនារីរងគ្រោះមានឈ្មោះ អ ដវ ហៅ សព អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ខាងលើ គឺបានស្គាល់គ្នាតាមរយៈប្រព័ន្ធហ្វេសប៊ុក រហូតឈានដល់មានការស្រលាញ់គ្នាបានរយៈពេល៦ខែ ក្នុងនាមជាសង្សារ ហើយនៅវេលាយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងជនសង្ស័យដែលជាសង្សារហ្នឹង បានណាត់ក្មេងស្រីរងគ្រោះចូលទៅរាំលេងនៅក្លឹបកម្សាន្តមួយកន្លែង ក្រោយពីចេញពីក្លឹបវិញ អ្នកទាំង២បានដឹកដៃគ្នាចូលទៅដេកផ្ទះសំណាក់មួយកន្លែងនៅឯម្តុំផ្សារសុវណ្ណា តាំងពីវេលាម៉ោង១០យប់រហូតទល់ភ្លឺតែម្តង ។
ក្រោយពីហ្នឹងមក នៅវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែឆ្នាំដដែល អាណាព្យាបាលខាងស្រី បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

