
ភ្នំពេញៈ ក្នុងពេលដែលមានរឿងដ៏ចម្រូងចម្រាស់ជាមួយអតីតម្ចាស់ស្នេហ៍ធ្លាប់ផ្អែមស្និតនោះ គេសង្កេតឃើញថា តារាសម្បុរខ្មៅស្រអែមស្រស់ នី មុនីនាថ ហាក់លាក់បាំងការបកស្រាយ ដើម្បីប្រឆាំងនឹងគំនាប ដែលកំពុងតែរុំព័ទ្ធឲ្យស្រាលខ្លួន ក៏ដូចជាស្រាយចម្ងល់មហាជន។
នី មុនីនាថ កំពុងប្រឈមនឹងបញ្ហាធំមួយ ក្រោយពីមានការទម្លាយរឿងរ៉ាវបោកប្រាស់ប្រាក់ និងស្នេហាគូដណ្តឹងជាអាណិកជននៅអាមេរិក។ នាងបានជ្រើសរើសមិនចេញមុខបកស្រាយ ឬចូលរួមកម្មវិធីមិត្តរួមអាជីព ក្រោយពីបណ្តឹងរបស់អតីតសង្សារប្តឹងទារជំងឺចិត្ត១២ម៉ឺនដុល្លារអាមេរិក បានទៅដល់ដៃតុលាការ។

គួរជម្រាបថា នី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកអ៊ុង សូឡាង ចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ ប៉ុន្តែគម្រោងរៀបការត្រូវបានពន្យាពេលជាបន្តបន្ទាប់។
ក្រោយពេលផ្តាច់ពាក្យពីគូដណ្តឹង លោកអ៊ុង សូឡាង អាណិកជនខ្មែរ រស់នៅអាមេរិក មិនបានប៉ុន្មានផង ស្រាប់តែត្រូវបានអតីតគូដណ្តឹងប្តឹងទារ១២ម៉ឺនដុល្លារ និងបើកកកាយរឿងប្រាក់ ដែលនាងទទួលបានពីគូដណ្តឹងរហូតធ្វើឲ្យ នី មុនីនាថ មិនសូវហ៊ានបង្ហាញមុខជាសាធារណៈដូចមុន។ រាល់កម្មវោធីជប់លៀង សម្ពោធហាង ឬខួបកំណើតអ្នកសិល្បៈជិតដិតក៏នាងមិនបានចូលរួមដែរ ដែលភាគច្រើន គេឃើញវត្តមានម្តាយរបស់នាងមកជំនួស ហើយម្តាយនាងលើកហេតុផលថា មិនទំនេរ រវល់ជាប់ថត៕







