Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ សវនាការជំនុំជម្រះកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ នៅតុលាការកំពូល ត្រូវបានផ្អាកបន្តិច ហើយសវនាការនេះ នឹងចាប់ផ្តើមធ្វើ​បន្តទៀតនៅម៉ោង២រសៀល។

ដំណើរការតុលាការកំពូល បានចាប់ផ្តើមតាំងពីវេលាម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹងរំលាយបក្សសង្គ្រោះជាតិ ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។

ចំពោះសវនាការនេះ ​លោក​ គី​ តិច​ មេធាវី​តំណាង​ឲ្យអាណត្តិ​ក្រសួង​មហាផ្ទៃ ​ក៏បានស្នើ​ឱ្យតុលាការ​កំពូល​ ធ្វើការផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨រូបផងដែរ។

បើតាមអ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់ក្រុមនាក់សារព័ត៌មាន ឱ្យដឹងថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំ ដល់ថ្ងៃស្អែកនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor