
ខ្សឹបៈ នាយក្តាមប្រៃយើង បានចរយាត្រាទៅកាន់តំបន់នានានៅខេត្តព្រៃវែង ហើយបានដឹង បានឮ និងបានឃើញរឿងរ៉ាវជាច្រើននៅទីនោះ ពាក់ព័ន្ធនឹងឈ្មោះ កាំង លាង មេគយ និងរដ្ឋាកខេត្តនេះ ដោយប្រជាពលរដ្ឋ មន្ត្រីរាជការ បានខ្សឹបប្រាប់ឱ្យនាយ "ក្តាមប្រៃ" យើងឲ្យដឹងថា លោក កាំង លាង នេះ ពូកែដាក់គំនាបមន្ត្រីថ្នាក់ក្រោម ពិសេសតាមច្រកអន្តរជាតិជាប់ព្រំដែនវៀតណាម ឱ្យរឹតបន្តឹងលើឈ្មួញយកលុយឆៅៗហ្មង ដោយមិនលើកលែងអ្វីទាំងអស់ សូម្បីតែកសិករដឹកផលិតផលតិចតួចក៏ដោយ។
ប្រភពខាងលើ បានខ្សឹបប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងទៀតថា ក្រៅពីសកម្មភាពខាងលើនេះលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ជាមនុស្សពូកែអួតអាង អំណាច ក្អេងក្អាង ដោយមិនគោរពកោតក្រែងមន្ត្រីថ្នាក់លើឡើយ ហើយក្រៅពីនេះ គាត់នៅអួតប្រាប់គេឯងថា "ប្រពន្ធខ្លួនជាមិត្តភក្តិជិតស្និតជាមួយជំទាវទេសរដ្ឋមន្រ្តីហិរញ្ញវត្ថុ" ។
ប្រភពដដែល បានបន្តប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងទៀតថា កូនចៅក្នុងសាខាគយ និងរដ្ឋាករខេត្តព្រៃវែងទាំងមូលមិនចូលចិត្តការដឹកនាំរបស់លោក កាំង លាង នេះទេ ដោយសារតែលោក លាង ធ្វើការងារបញ្ចេញសកម្មភាពច្រងេងច្រងាង សម្តីអសុរស គ្មានក្រមសីលធម៌ ជាមេដឹកនាំសាខាគយ និងរដ្ឋាករនៅក្នុងខេត្តព្រៃវែងនេះសោះហ្មង។
ក្រុមមន្ត្រីគយនៅខេត្តព្រៃវែងនេះ បានខ្សឹបប្រាប់មកនាយ "ក្តាមប្រៃ" ឲ្យដឹងទៀតថា លោក កាំង លាង មេគយខេត្តព្រៃវែង បានឃុបឃិតជាមួយឈ្មួញធំៗ ហើយបានបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱវាទបើកភ្លើងខៀវ ឲ្យឈ្មួញដឹកទំនិញគេចពន្ធ នៅច្រកបន្ទាយចក្រី និងម៉ឺនជ័យ ចេញ ចូលយ៉ាងពេញបន្ទុកតែម្តង ដោយមិនខ្វល់ទៅនឹងការកំណែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលនោះឡើយ។
ប្រភពនៅបានខ្សឹបប្រាប់ឲ្យដឹងទៀតថា មួយរយៈចុងក្រោយមកនេះ មន្រ្តីគយ និងរដ្ឋាករ ជាច្រើននាក់ ដែលជាមនុស្សជំនិត នឹងលោក កាំង លាង ត្រូវបានគេរិះគន់ថា អ្នកទាំងនោះជាមន្រ្តីគយរកលុយជូនលោក កាំង លាង ដោយពួកគេមិនបានបំពេញតួនាទីភារកិច្ចរកចំណូលពន្ធបង់ចូលរដ្ឋនោះទេ គេធ្វើតែតាមបញ្ជាលោក កាំង លាង ដោយផ្ដល់ឱកាសឲ្យឈ្មួញចរាចរទំនិញខុសច្បាប់ ចូលមកកម្ពុជា រីឯមន្រ្តីខ្លះវិញ ត្រូវបានគេចោទថា ឃុបឃិតនឹងឈ្មួញ តាមរូបភាពដាក់ទំនិញស្របច្បាប់បង្កប់ទំនិញគេចពន្ធ។
ប្រភពបានខ្សឹបទៀតថា ថ្មីៗនេះនៅច្រកបន្ទាយចក្រី និងច្រកម៉ឺនជ័យ កំពុងតែចរាចរទំនិញគេចពន្ធ ពិសេស គឺម៉ូតូផ្ទាល់តែម្ដង ពីព្រោះតែច្រកមួយនេះ គឺជាច្រកមួយ ដែលគេមិនសូវ ចាប់អារម្មណ៍ នៅតំបន់ព្រំប្រទល់ប្រទេសវៀតណាម ហើយច្រកទាំងពីរនេះ ស្ថិតក្រោមការត្រួតពិនិត្យ និងបញ្ជាអនុញ្ញាត ដោយលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងផ្ទាល់តែម្តង។
លោក កាំង លាង ត្រូវបានគេលើកឡើងថា ជាមេគយ ដែលមានឥទ្ធិពលបំផុត ដោយសារតែ លោកមានមនុស្សជំនិតនៅថ្នាក់លើ ហើយបច្ចុប្បន្ន នៅតំបន់នេះ មានការលើកឡើងនូវរឿងមិនប្រក្រតី ហើយក៏មានការស្នើសុំឲ្យលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិសេសលោកទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ជួយពិនិត្យមើលសម្មភាពមេគយរូបនេះផង ឬមួយលោកទាំងពីរបានដឹងហើយ តែធ្វើមិនដឹង ដោយសារខ្លាចអំណាចភរិយាលោក កាំង លាង ជាមនុស្សជិតដិតនឹងជំទាវធំ?
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ នាយក្តាមប្រៃ ចាំមើលថា លោកអគ្គនាយគយ និងលោកទេសរដ្ឋមន្ត្រីហិរញ្ញវត្ថុ មានចំណាត់ការយ៉ាងណាដែរ លើលោក កាំង លាង មេគយខេត្តព្រៃវែងរូបនេះ៕
