
មន្ត្រីយោធាជើងទឹកទីក្រុងសេអ៊ូល បានប្រាប់ឲ្យដឹងថានាវាកូរ៉េខាងត្បូង ជាច្រើនគ្រឿង នឹងចូលរួមធ្វើសមយុទ្ធរួមគ្នាជាមួយនាវាផ្ទុកយន្តហោះអាមេរិក ចំនួន ០៣គ្រឿង នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Channelnewsasia បានចេញផ្សាយនារសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
មន្ត្រីយោធាជើងទឹកកូរ៉េខាងត្បូង បាននិយាយថា នាវាចម្បាំង ចំនួន ០៧គ្រឿង នាវាពិឃាត ចំនួន០៣គ្រឿង និងនាវាដឹកជញ្ជូន ចំនួន ០៤គ្រឿង នឹងចូលរួមក្នុងសមយុទ្ធនេះ។ កងកម្លាំងជើងទឹកអាមេរិក លោក Scott Swift បាននិយាយកាលពីម្សិលមិញថា នាវាផ្ទុកយន្តហោះ ចំនួន ០៣គ្រឿង មានដូចជា USS Ronald Reagan, USS Nimitz និង USS Theodore Roosevelt នឹងដែរកំពុងធ្វើប្រតិបត្តិការសម្របសម្រួលក្នុងដែនទឹកអន្តរជាតិនៅភាគខាងលិចសមុទ្រប៉ាស៊ីហ្វិក នៅចន្លោះពីថ្ងៃសៅរ៍ ដល់ថ្ងៃអង្គារ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនលើកច្រើនសារ សម្រាប់ជាសារប្រាប់ទីក្រុងសេអ៊ូល ថាខ្លួនកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការឈ្លានពាន និងធ្វើសកម្មភាពការពារខ្លួន ដោយការធ្វើតេស្តមីស៊ីល ក្នុងការឆ្លើយតប ចំពោះការធ្វើសមយុទ្ធរួមគ្នារបស់ប្រទេសទាំងពីរ នឹងសម្ព័ន្ធមិត្តផ្សេងទៀត៕
