
កណ្តាលៈ រហូតមកទល់នឹងព្រឹកថ្ងៃសុក្រទី១០វិចិ្ឆការនេះ សមត្ថកិច្ចមិនទាន់បញ្ចប់ប្រតិបត្តិការឡោមព័ទ្ធឃ្លាំងស្តុកឈើដ៏ធំក្នុងក្រុងតាខ្មៅ នៅឡើយទេ ខណៈសមត្ថកិច្ចឆ្លើយថា កំពុងបន្តនីតិវិធី។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានប្រាប់ CAM POST យ៉ាងខ្លី នៅព្រឹកថ្ងៃសុក្រនេះថា ពិតជាមានករណីបង្រ្កាបឈើមែន ។
ស្រដៀងនឹងលោកស្នងការ មន្រ្តីតុលាការ បាននិយាយថា ប្រតិបត្តិការឡោមព័ទ្ធឃ្លាំងស្តុកឈើនេះ មិនទាន់បិទបញ្ចប់ទេ នីតិវិធីអាចឈានដល់ថ្ងៃស្អែក ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក ទិន សុចិត្រា បានប្រាប់អង្គភាព សារព័ត៌មាន CAM POSTថា ក្រោយពីប្រម៉ាញ់រថយន្តឈើដឹកឈើ តាំងពីម៉ោង៥ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី៩វិចិ្ឆការ ម្សិលម៉ិញហើយនោះ សមត្ថកិច្ចក៏បន្តឡោមព័ទ្ធ នឹងឆែកឆេរឃ្លាំងស្តុកឈើ នៅក្រុងតាខ្មៅ ខណៈឈ្មួញបានដឹកឈើតាមរថយន្តមកស្តុកនៅទីនោះ ។
លោក ទិន សុចិត្រា បន្តថា ក្រោយពីទទួលព័ត៌មានភ្លាម លោកនិងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល បានដឹកនាំសមត្ថកិច្ចនគរបាលខេត្តកណ្តាល និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះប្រម៉ាញ់និងប្រដេញរថយន្តដឹកឈើភ្លាមៗ រហូតឈានដល់ការឡោមព័ទ្ធពេញមួយយប់ នៅតែមិនទាន់ចប់ ។
សមត្ថកិច្ចថា ប្រតិបត្តិការយប់មិញ បានឡោមព័ទ្ធនិងឆែកឆេរឃ្លាំងស្តុកឈើគ្រញូងបានជាច្រើន ក្រៅពីនោះឃាត់មនុស្ស១៧នាក់ ក្នុងនោះមានជនជាតិវៀតណាម៣នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត៕










