តុលាការកំពូលបានបើសវនាការលើសំណុំរឿងរំលាយបក្សប្រឆាំងអស់ពេលមួយព្រឹកពេញ ប៉ុន្តែមិនទាន់ប្រកាសសាលក្រម ហើយនឹងបន្តនៅម៉ោង២ រសៀលនេះទៀត។ សវនាការនេះមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។
លោក អ៊ូរ វីរៈ ប្រធានវេទិកាអនាគត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកដោយទស្សន៍ទាយលទ្ធផលសវនាការលើសំណុំរឿងរំលាយបក្សប្រឆាំងថា៖
ខ្ញុំជឿថាគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ។ អាចសាលក្រមនឹងមិនត្រូវប្រកាសនៅថ្ងៃនេះ។ ខ្ញុំជឿថាលោក សម រង្ស៊ី និង លោក កឹម សុខា នឹងទទួលបានការលើកលែងទោសក្នុងរយៈពេលបីបួនខែ ហើយក៏នឹងត្រូវបែកផ្លូវទៅបក្សចាស់រៀងខ្លួន។
គួររំលឹកថាតំណាងក្រសួងមហាផ្ទៃបានដាក់បញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨រូបទៅតុលាការកំពូល ដើម្បីហាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងនោះក៏មានឈ្មោះ លោក កឹម សុខា ដែរ ប៉ុន្តែគ្មានឈ្មោះលោក សម រង្ស៊ី ទេ។
បើតាមការឱ្យដឹងពីលោក គី តិច មេធាវីការពារក្តីតំណាងក្រសួងមហាផ្ទៃបានឱ្យដឹងថា តុលាការកំពូលនឹងប្រកាសសាលក្រមនៅល្ងាចនេះ។
