ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូពីរគ្រឿង មានគ្នា០៤នាក់ បានធ្វើសកម្មភាពឆក់ការបូប ពីនារី២នាក់ តែមិនបានសម្រេច ដោយសារមានការប្រទាញប្រតបគ្នា បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យពលរដ្ឋនាំគ្នាព័ទ្ធចាប់បានម្នាក់ និងម៉ូតូ១គ្រឿង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីខាងលិច ស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យែម សាក់សិទ្ធ អាយុ១៧ឆ្នាំ ស្នាក់នៅសំរោងអណ្ដែត ជិះម៉ូតូធ្វើសកម្មភាព ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាក់លេខភ្នំពេញ 1FT-4456។
នារីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខកំពង់ចាម 1G-0856 មានគ្នា២នាក់ ធ្វើដំណើរពីកោះពេជ្រ ខណៈមកដល់ចំណុចកើតហេតុខាងលើ ត្រូវចោរមួយក្រុមជិះម៉ូតូពីរគ្រឿង មានគ្នា៤នាក់ មកពីក្រោយបានធ្វើសកម្មភាពឆក់ការបូបតែមិនបានសម្រេច ព្រោះពេលធ្វើសកម្មភាព មានការ ប្រទាញប្រតបគ្នា បណ្តាលឲ្យដួលម៉ូតូ ពលរដ្ឋនាំគ្នាព័ទ្ធចាប់បានម្នាក់ និងម៉ូតូ១គ្រឿង. ចំណែកនារីរងគ្រោះរងរបួសស្រាល។
ក្រោយកើតហេតុជនសង្ស័យខាងលើ ត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

