Sponsor
រិទ្ធី

ហេតុអ្វីបានជាលោក សម រង្ស៊ី ចោទប្រកាន់ លោក ម៉ៅ មុន្នីវណ្ណ ជាសាធារណៈ?

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅបរទេស បានចេញវីដេអូឃ្លីបដោយចោទប្រកាន់ លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណក្ស ថាបានក្បត់បក្ស ដោយរៀបចំគម្រោងធ្វើបក្សប្រហារដោយផ្លាស់ប្តូរមេដឹកនាំបក្សតាមការបញ្ជាពីអ្នកដទៃ។

ហេតុអ្វីបានជាលោក សម រង្ស៊ី ចោទប្រកាន់ លោក ម៉ៅ មុន្នីវណ្ណ ជាសាធារណៈ មិនដោះស្រាយបញ្ហានេះជាសម្ងាត់? ការធ្វើបែបនេះធ្វើឱ្យរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង ប៉ុន្តែ តើការចោទប្រកាន់ជាសាធារណៈនេះជាយុទ្ធសាស្ត្រទប់ទល់នឹងការប៉ុនប៉ងពីសំណាក់បក្សកាន់អំណាចដើម្បីធ្វើឱ្យបែកបាក់ផ្ទៃក្នុងបក្សប្រឆាំង? 

គណៈរដ្ឋមន្ត្រីបានប្រជុំសម្រេចប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតព្រឹទ្ធសភាពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ ការផ្លាស់ប្តូរថ្ងៃបោះឆ្នោតបែបនេះ ត្រូវបានអ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គម លោក មាស នី លើកឡើងថា៖ គណបក្សកាន់អំណាចលែងចង់រំលាយគណបក្សប្រឆាំងហើយ តែចង់ឱ្យគណបក្សនេះមានជម្លោះផ្ទៃក្នុង ហើយរលាយខ្លួនឯង កុំឱ្យប្រជាជនមើលឃើញពីអំពើអាក្រក់របស់រដ្ឋាភិបាលក្រុងភ្នំពេញ។

លោក ម៉ៅ មុន្នីវណ្ណ ធ្លាប់រងការចោទប្រកាន់ថាលោកបានឆ្លើយឆ្លងតាម WhatApps ជាមួយមន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ជុំវិញការរៀបចំគម្រោងផែនការឱ្យលោក កឹម សុខា ឡើងជាប្រធានបក្សសង្គ្រោះជាតិ អំឡុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ចុះហេតុអ្វីបានជាលោក សម រង្ស៊ី មិនចោទប្រកាន់នៅពេលនោះ ពីព្រោះគាត់ជាប្រធានគណបក្ស មានសិទ្ធិកោះប្រជុំគណៈកម្មាធិការនាយកក្នុងបក្សដើម្បីចាត់វិធានការតាមបទបញ្ញាផ្ទៃក្នងបក្ស។

តុលាការកំពូលកោះហៅប្រធានគណបក្សសង្គ្រោះជាតិឱ្យចូលសវនាការរឿងបណ្តឹងសុំរំលាយគណបក្ស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ រង់ចាំការជំនុំជម្រះក្តីនេះ តើតុលាការកំពូលនឹងចេញដីការសម្រេចរំលាយគណបក្សប្រឆាំងដ៏ខ្លាំងនៅកម្ពុជាមួយនេះ ឬយ៉ាងណា?
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor