Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចថា គណបក្សប្រឆាំង ត្រូវបានគេមើលឃើញថា កំពុងមានទុក្ខជាន់លើទុក្ខ ដោយសារមេដឹកនាំគណបក្សនេះ កំពុងជាប់ពន្ធនាគារ  ហើយផ្ទៃក្នុងគណបក្សកំពុងតែមានការចោទប្រកាន់គ្នា ខណៈសំណុំរឿងរំលាយគណបក្សកំពុងត្រូវបានតុលាការកំពូលបន្តនីតិវិធី។

ទាក់ទិននឹងរឿងរ៉ាវរបស់គណបក្សសង្គ្រោះជាតិនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា បញ្ហានេះបានធ្វើឲ្យប្រធានគណបក្សមានការឈឺចាប់យ៉ាងខ្លាំងទំាងខ្លួនកំពុងជាប់ពន្ធនាគារ។

លោកបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅរកការរលាយនាពេលដ៏ឆាប់ៗខាងមុខនេះ មេបក្ស ប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររង់ចាំការកាត់សេចក្តីដោយតុលាការ បានសម្តែងនូវកា រឈឺចាប់ផ្ទួនៗ ដែលខ្លួនត្រូវជាប់ឃុំហើយ បែរជាផ្ទៃក្នុងបក្សក៏កំពុងរង្គោះរង្គើរទៀត ដោយ សារការក្រឡុករបស់អតីតៈមេបក្សប្រឆាំង ដែលមិនទាន់អស់កិលេសចង់បានអំណាចមិនស្កប់ស្កាល់នោះ។

លោកបញ្ជាក់ថា “ជាការគួរឲ្យសោកស្តាយណាស់ ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានតម្រង់ទិសឲ្យដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងយកអំណាចពីប្រជាជន ដើម្បីដឹកនាំប្រទេសឲ្យប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងសម្បូររុងរឿង។ ប៉ុន្តែដោយសតិអារម្មណ៍ជ្រុលនិយមពេក មិនគោពតាមលទ្ធិប្រជាធិបតេយ្យ បែរជាទៅដើរតាមនិងធ្វើតាមការបង្គាប់បញ្ជារបស់មេក្លោងបរទេសទៅវិញ នាំឲ្យធ្លាក់ទឹកយ៉ាងដូច្នេះ និងឈានទៅវិនាសសាបសូន្យជាពេលឆាប់ៗខាងមុខនេះ”។

ជាមួយគ្នានោះដែរ អ្នកនំាពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា ការដែលមន្ត្រីគ ណបក្សប្រឆាំងទៅរត់ទៅពឹង ឬរង់ចាំជំនួយអន្តរាគមន៍ពីមេក្លោង ក៏មិនដឹងនៅពេលណាដែរ ព្រោះមេក្លោងបានតែអះអាងថា នៅពីក្រោយខ្នងជានិច្ច ហើយជាទម្លាប់មេក្លោងតែទឹកដល់ច្រមុះហើយទុកឲ្យអាយ៉ងនៅសិនទៅអញទៅរកអាយ៉ងផ្សេងហើយ នៅបន្តជួយយិតយោងឯងអាយ៉ងចាស់អត់បានការទេ ខាតតែពេលនិងខូចឈ្មោះអត់អំពើ។

ដូច្នេះបើពឹងមេក្លោងមិនមានសង្ឃឹមមានតែពឹងលើធ៌មសាមគ្គីផ្ទៃក្នុងតែដោយសារផ្ទៃក្នុងកំ ពុងប្រទូសរាយគ្នាដោយសារទណ្ឌិត សម រង្សី ចូលមកក្រឡុកទៀត មិនដឹងធ្វើយ៉ាងណា មានតែបញ្ចេញវាចាឮៗឲ្យមហាជនបានដឹងទើបបានធូរទ្រូងបន្តិច។

យ៉ាងណាក្តីលោកសុខឥសានបានសម្តែងអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានកំពុងជាប់ពន្ធនាគារនៅត្រពាំងថ្លុង បានសម្តែងការអស់សង្ឃឹមយ៉ាងធ្ងន់ធ្ងរ ទុក្ខ ជាន់លើទុក្ខផ្ទួនៗ ដោយសារតែដើរយុទ្ធសាស្ត្រនយោបាយខុសមកលង់ជឿលើមេក្លោងនឹកថាដ៏មហិមា តែឥឡូវបែរជាក្រឡេះបេះទៅវិញ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា «អស់សង្ឃឹមហើយខ្ញុំ មិនដឹងពឹងស្អីទេ មានតែពឹងព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃប៉ុណ្ណោះ។ ជាតិនេះហួសហើយ ចាំជាតិក្រោយទៀតចុះមកពីខ្ញុំជឿតាមគេ ដើរតាមការចង្អុលបង្ហាញរបស់គេ ហើយកម្មវិធីនយោបាយក៏ខ្ញុំមិនបានដឹងដែរ គឺគេធ្វើឲ្យទាំងអស់នោះ។ ហើយមិនដឹងចង្រៃអីនៅមិននៅ ស្រាប់ខ្មោចនាំមាត់ឲ្យខ្ញុំនិយាយការពិតនៃល្បិចកលប្រាប់គេអស់រលីង អញ្ចឹងមានភស្តុតាងឯកសារច្បាស់លាស់ហើយរកប្រកែកមិនកើតទេ មានតែស៊ូទ្រាំ តាមយថាកម្មទៅចុះ។ ឱលោកអើយខ្លួនជាប់ឃុំរកធ្វើអីមិនកើត បែរជានៅខាងក្រៅបែកបាក់គ្នាទៀត ចំមែន» ។

សូមជម្រាបថា តុលាការកំពូលបានសម្រេចយកថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ ជាថ្ងៃធ្វើសវនាការ សម្រេចសេចក្ដីលើករណី ដែលក្រសួងមហាផ្ទៃប្ដឹងសុំរំលាយ​គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែការកំណត់នេះ ត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ ការបំបាត់សំឡេងបក្សប្រឆាំងបែបនេះ។

សមាជិកសភាអាមេរិកមួយរូបថែមទាំងកំណត់ឱសានវាទឲ្យដោះលែង លោក កឹម សុខា ត្រឹម ថ្ងៃទី៩ ខែវិច្ឆិកា និងនាំស្ថានការណ៍ បច្ចុប្បន្នឲ្យវិលត្រឡប់ទៅរកសភាពធម្មតាវិញ ដើម្បីឲ្យ មានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើមិនដូច្នេះទេ កម្ពុជា នឹងរង ទណ្ឌកម្មពីសហរដ្ឋអាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor