ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរំលាយគណៈបក្សប្រឆាំង គឺជាការអនុវត្តតាមច្បាប់កម្ពុជា ដើម្បីរក្សាសន្តិសុខ និងស្ថេរភាពនយោបាយរបស់កម្ពុជា។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ គឺជាការឆ្លើយតបទៅនិងលោក វីល្លៀម ហៃដ្ត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍កម្ពុជា ក្រោយរំលាយបក្សសង្គ្រោះជាតិ ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួង។ ជាការឆ្លើយតបចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ សម្ដេចក្រឡាហោម បានអះអាងថា អ្វីដែលកម្ពុជាបានធ្វើក្នុងការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តច្បាប់ប៉ុណ្ណោះ ដើម្បីរក្សានូវស្ថេរភាពសន្តិសុខសង្គមជាតិជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការរកឃើញថា គណបក្សសង្រ្គោះជាតិ បានរៀបចំផែនការ ក្នុងការបង្កើតនូវបដិវត្តពណ៌ផ្គួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបណ្តឹងដែលប្តឹង ដោយក្រសួងមហាផ្ទៃ។ ក្រៅពីរំលាយគណបក្សសង្រ្គោះជាតិហើយនោះ តុលាការកំពូលក៏បានសម្រេចមិនឲ្យថ្នាក់ដឹក នាំគណបក្សសង្រ្គោះជាតិសំខាន់ៗចំនួន១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយរហូត៥ឆ្នាំ៕



