
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា នេះ កំឡុងព្រះរាជពិធីបុណ្យនេះ យើងសង្កេតឃើញថា អ្នកនយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំងហាក់ស្ងប់ស្ងាត់ មិនមានការវៃប្រហារអ្វីគួរឱ្យគត់សម្គាល់ទេ ម្យ៉ាងទៀត លោក ហ៊ុន សែន ព្រមទាំង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានចូលរួមក្នុងព្រះរាជពិធីនេះផ្ទាល់នៅមុខព្រះបរមរាជវាំង។ ប៉ុន្តែនៅថ្ងៃចុងទី៣ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ លោក ហ៊ុន សែន បានផ្ញើសារ នយោបាយនៅក្នុងវិដេអូមានរយៈពេល២៦នាទី បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបានអំពាវនាវជាថ្មីឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសង្គ្រោះជាតិចុះចូលជាមួយបក្សកាន់អំណាចមុនថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដែលតុលាការកំពូលនឹងបើកសាវនាការដើម្បីរំលាយគណបក្សប្រឆាំង។
លោក ហ៊ុន សែនក៏ហ៊ានភ្នាល់ដាក់ជីវិតបើគណបក្សសង្គ្រោះជាតិមិនរលាយ។

តើក្រោយក្រោយពិធីបុណ្យអុំទូក ស្ថានភាពនយោបាយវិវត្តទៅដល់ណា?
មុនព្រះរាជពិធីបុណ្យអុំទូក លោក Iwao HORII អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសម្តែងការគួរសមជាមួយលោកហេង សំរិន ប្រធានសភារដ្ឋ និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តជាតិ កម្ពុជា ក្នុងជំនួបនោះ លោក Iwao HORII បានលើកឡើងនូវបញ្ហានយោបាយមួយចំនួននៅកម្ពុជា ជាពិសេសការចាប់ខ្លួន លោក កឹម សុខា។
បន្ទាប់មកគណៈប្រតិភូសភាសភាពអឺរ៉ុបក៏បានមកកាន់ប្រទេសកម្ពុជាដែរ ដោយមានចេញសេចក្តីថ្លែងការណ៍អំពីហានិភ័យនៃទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាដែលអាចប៉ះពាល់ទំហំពាណិជ្ជកម្មនិងហិរញ្ញវត្ថុផ្តល់ជំនួយដល់កម្ពុជា ប្រសិនបើកម្ពុជាមិនបញ្ឍប់ផែនការរំលាយគណបក្សសង្គ្រោះជាតិនិងករណីមិនដោះលែងលោក កឹម សុខា។
លោក ចាន់ វិបុល យល់ថា បេសកម្មទាំង២ប្រតិភូនេះគឺជាសារមួយដោយផ្ទាល់របស់ពួកគាត់ប្រាប់ឱ្យបក្សកាន់អំណាចកុំប្រថុយនឹងហានិភ័យ។ លោក បន្ថែមទៀតថា ទាំងជប៉ុននិងសហភាពអឺរ៉ុបមានឥទ្ធិពលនៅលើឆាកអន្តរជាតិគឺគេអាចដាក់ទណ្ឌកម្មកម្ពុជាបានគ្រប់កាលៈទេសៈបើកម្ពុជាដើរដល់ចំណុចមួយកែលែងឡើងហើយនោះ។
ចំណែកឯលោក សុខ ឥសាន ហាក់មិនផ្តល់តម្លៃច្រើនចំពោះសម្ពាធបរទេសនោះទេ លោកថាកម្ពុជាជារដ្ឋមានអធិបតេយ្យពេញលេញ ដែលមានគោលនយោបាយច្បាស់លាស់ ហើយកម្ពុជាអាចរស់បានដោយខ្លួនឯង ហើយមានដៃគូពាណិជ្ជកម្មច្រើនទៀត។
ទោះជាយ៉ាងណាអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាយល់ឃើញថា រដ្ឋាភិបាលកម្ពុជាអាចពិចារណាឡើងវិញរឿងនយោបាយបច្ចុប្បន្ន ហើយថាស្ថានភាពអាចនឹងវិលទៅរកសភាពដើមវិញ ក្នុងពេលឆាប់ៗខាងមុខ។