
ភ្នំពេញៈ រថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងខ្ទេចទាំងស្រុង ចំណែករថយន្តខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង៣៖៤៨នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅខាងកើតវង្វង់មូលវត្តភ្នំ ចំណុចមុខអគ្គីសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ លី ម៉ាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ គ្រូបង្រៀនសាលាឯកជន ស្នាក់នៅគីឡូម៉ែតលេខ៦ ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។ ចំណែកម្ចាស់រថយន្តបង្កមិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យ៥០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១១០ សេរី១៩៩៤ ពណ៌ទឹកខ្មៅ គ្មានស្លាក់លេខ ជិះម្នាក់ឯង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាកកាមរី កូរូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2U-6143 បានបើកមកពីក្រោយបោះពួយបុកម៉ូតូមួយគ្រឿង យ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ក ចំណែករថយន្តបង្ករងកាខូចខាត់មួយកំណាត់មុខទាំងស្រុងតែម្តង ចំណែកម្ចាស់រថយន្តឃើញសភាពបែបនេះ បានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ៕









