
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ដើម្បីសម្រួលដល់ពលរដ្ឋធ្វើដំណើរទៅខេត្តកោះកុង រាជរដ្ឋាភិបាល បានសម្រេចទិញត្រឡប់មកវិញនូវស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដោយពុំចាំបាច់បង់ថ្លៃទៀតទេ ចាប់ពីម៉ោង ០០:០០ នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៧ បានថ្លែងឲ្យដឹងថា “ដើម្បីសម្រួលដល់ពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែក ពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចទិញយកត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដែលវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់ ដើម្បីពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក”។

សម្ដេចបន្ដថា ចំពោះកិច្ចការដែលនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ហើយពលរដ្ឋនឹងទទួលបានផលប្រយោជន៍៕
