
ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកពេលសវនាការ លើសំណុំរឿងកូនប្រុសនាយហុងដា និងសង្សារ សម្លាប់ម្តាយចុងប្លន់យកទ្រព្យសម្បត្តិ ដើម្បីទិញគ្រឿងញៀន ។
មូលហេតុដែលតុលាការលើកពេលកាត់ទោសនេះ ដោយសាលោកមេធាវី សួស ចិន្តា ដែលការពារផ្លូវច្បាប់ ឲ្យជនជាប់ចោទបានដាក់ពាក្យសុំពន្យាពេលសវនាការ ដោយសារជាប់បំពេញ បេសកម្មនៅខេត្ត ។ ដូច្នេះហើយលោកចៅក្រម ឌុច សុខសារិន បានសម្រេចលើកពេលសវនាការ សំណុំរឿងនេះ ទៅថ្ងៃក្រោយវិញដោយមិនកំណត់ ។
ជនជាប់ចោទមានឈ្មោះ ខា សុខេន ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើត របស់លោក ហុង ដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានី ដើម្បីសួរដេញដោលក្នុងសវនាការនេះ ប៉ុន្តែនៅពេលតុលាការសម្រេចលើកសវនាការ ជនត្រូវចោទត្រូវនញ្ជូនទៅឃុំខ្លួនវិញ ។
ខា សុខេន និងនេត រស្មីកន្និកា ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ក្រោយពេលមានអំពើឃាតកម្មកើតឡើង ។

រឿងក្តីកូនប្រុសនាយ ហុងដា សម្លាប់ម្តាយចុង ត្រូវលើកពេលធ្វើសវនការ ព្រោះមេធាវី ភាពសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាពតែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពីធ្វើការវិញទាន់ខ្លួនក៏បានអង្វរសង្សារ កុំឲ្យឆោឡោ និងជួយយកភួយ មករុំសាកសព អូសទៅទុក នៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទណូគា១គ្រឿង និងម៉ូតូមួយគ្រឿង ចាកចេញតែម្តង។ ដែលរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ពិសេសបណ្តាញសង្គមហ្វេសប៊ុក ។
ឈ្មោះសុ ខេន បានរៀបរាប់ថា រូបគេបានមករស់នៅខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធមុនរបស់នាយ ហុង ដា មានប្តីថ្មី។ ក្នុងពេលមករស់នៅជាមួយឪពុក ឈ្មោះ សុ ខេន បាននាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយខ្លួនមិនសូវចូលចិត្តម្តាយចុងទេ ដោយសារនៅពេលដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោស ឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំមករហូត។
ក្រោយពេលសម្លាប់ម្តាយចុងរួចហើយ ឈ្មោះ សុ ខេន បានទៅសម្រាកនៅផ្ទះម្តាយសង្សារ១យប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សាមកដេក ស្នាក់នៅជក់ថ្នាំញៀន នៅចំណុចផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថា កាឡៃ ហើយម៉ូតូបញ្ចាំបាន១០០ដុល្លារ រួចយកលុយទាំងនោះទិញថ្នាំញៀនជក់អស់ហើយ ។
ជាការកត់សម្គាល់បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន បាននាំមកនូវវិបត្តយ៉ាងសម្បើមដល់សង្គមមិនថា នៅទីក្រុងឬជនបទទេ បទល្មើសគ្រឿងរីកដុះដាលគួរឲ្យព្រួយបារម្មណ៍បំផុត៕

