Sponsor
រិទ្ធី

ខណៈដែលក្រសួងមហាផ្ទៃត្រៀមកម្លាំងដើម្បីបង្ការការជួបជុំណាមួយនៅថ្ងៃបើកសវនាការលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ស្អែកនេះ ចំណែកឯគណបក្សសង្គ្រោះជាតិបានអះអាងថា ទាំងគណបក្ស និងអ្នកគាំទ្របន្តរក្សាភាពអត់ធ្មត់រហូតដល់ហេតុការណ៍នេះរំលងផុត ដោយគ្មានការជួបជុំណាមួយនៅថ្ងៃ នោះឡើយ។

គិតរហូតមកដល់ថ្ងៃនេះ គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរមិនចាប់អារម្មណ៍ជាមួយនឹងកាលបរិច្ឆេទ ដែលតុលាការត្រូវបើកសវនាការលើបណ្ដឹងរំលាយបក្ស នៅថ្ងៃទី១៦ វិច្ឆិកា នេះ។

លោក ម៉ៅ មុន្នីវណ្ណ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងថា កុំថាឡើយការជួបជុំនៅភ្នំពេញ ចលនានៃការឡើងមកពីតាមខេត្តដើម្បីមកតាមដានសវនាការរំលាយគណបក្សនេះក៏គ្មានដែរ។ គ្មានការជួបជុំដោយសារគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រជ្រើសរើសវិធីសាស្ត្រអត់ធ្មត់រហូតព្រឹត្តការណ៍រំលាយបក្សលេចចេញជារូបរាង។

ប្រឈមនឹងកាលៈទេសៈនេះ គណបក្សសង្គ្រោះជាតិនៅតែបន្តដំណើរចុះទៅមូលដ្ឋានជួបជាមួយអ្នកគាំទ្រ ល្គឹកណាបក្សមិនទាន់ត្រូវបានរំលាយ។ តាមការបញ្ជាក់ពីលោកម៉ៅ មុន្នីវណ្ណ មកដល់ពេលនេះទៅហើយក្ដីសង្ឃឹមរបស់លោកនៅតែគិតថា គណបក្សសង្គ្រោះជាតិនឹងមិនត្រូវបានរំលាយ ទោះក្រោមហេតុផលណាមួយក៏ដោយ។
ទន្ទឹមគ្នានេះ លោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងពីបណ្ដាំលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីពន្ធធនាគារមក ដែលជំរុញឲ្យមន្ត្រីចុះទៅតាមមូលដ្ឋានពន្យល់ពលរដ្ឋពីសិទ្ធិនៅក្នុងសង្គមប្រជាធិបតេយ្យ។

ក្នុងករណីដែលគណបក្សប្រឆាំងត្រូវរំលាយដោយសាលក្រមតុលាការកំពូល នោះមន្ត្រីជាន់ខ្ពស់ទាំង១៧០រូប ដែលមានក្នុងបញ្ជីដែលតំណាងក្រសួងមហាផ្ទៃដាក់ជូនតុលាការកំពូល នឹងត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor