Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីប្ដីប្រពន្ធមួយគូ​ បានទាស់ទែងសម្ដីគ្នា រហូតឈានដល់ប្រើអំពើហិង្សា គឺប្ដីបានយកកាំបិតអារ.កសម្លាប់ប្រពន្ធ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម រួចប្ដីបាន​ព្យាយាមអារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែត្រូវបានអ្នកជិតខាងសង្គ្រោះទាន់ពេលវេលាមិនស្លាប់ គ្រាន់តែរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១៧ ស្ថិតនៅភូមិគោកចំបក់ទី១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ អ្នកជិតខាង បានទាក់ទងប្រាប់សមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ៕

Update ៖ ចេញពីគុកបាន​៦ថ្ងៃ ទាស់សម្ដីគ្នា ​យកកាំបិតអារ.កសម្លាប់ប្រពន្ធ

ភ្នំពេញៈ រឿងរ៉ាវជម្លោះក្នុងគ្រួសារកាលពីព្រឹកមិញ តាមពិតប្ដីញៀនថ្នាំ ហើយ​ទើបចេញពីគុកបាន៦ថ្ងៃ កើតជម្លោះជាមួយប្រពន្ធ រហូតយកកាំបិតអារ.កសម្លាប់ប្រពន្ធ​ បណ្ដាលឲ្យ​ស្លាប់ក្នុងថ្លុកឈាម រីឯប្តីបាន​ព្យាយាមអារ.ក ស្លាប់ខ្លួនឯង តែមិន​ស្លាប់ ក៏លោតពីលើដំបូលផ្ទះ រងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ក្រុម៥ ផ្ទះលេខ៨៩៩ បន្ទប់ជួល២បេ ជាន់ទី១  ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កជាប្តីឈ្មោះ ចាន់ ជីវី អាយុ៣០ឆ្នាំ ជាមនុស្សញៀនថ្នាំ ទើបចេញពីគុក​បាន៦ថ្ងៃ។ ចំណែកប្រពន្ធ មិនទាន់ស្គាល់ឈ្មោះ មុខរបរដើរស៊ីឈ្នួ​ល ចាក់នំគ្រួក ឲ្យគេ ក្នុងភូមិ។

តាមសម្តីម្ចាស់ផ្ទះជួលឈ្មោះ ពេញ សុខហេង អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិគគីធំ ឃុំគគីធំ ស្រុកកៀនស្វាយ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើទើបតែមកជួលបន្ទប់គាត់បាន៦ថ្ងៃ ស្រាប់តែនៅព្រឹកកើតហេតុ ជនបង្ក​ជាប្តី បានឈ្លោះជាមួយប្រពន្ធពេញបន្ទប់ ហើយក៏ផ្អើលដល់អ្នកក្បែរខាង ឡើងទៅមើល ស្រាប់តែជនបង្កកាន់កាំបិត២ កូនកាំបិត១ និងបុ័ងតោ១ គំរាមកាប់មកលើពលរដ្ឋ បើអ្នកណាហ៊ានចូលក្បែរ ទើបបង្កឲ្យឆោឡោ ផ្អើលទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ ឡើងទៅជួយអន្តរាគមន៍ តែស្រ្តីជាប្រពន្ធត្រូវបានជនបង្កអារកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ បន្ទាប់មក ជនបង្កគំរាមកាប់មកលើសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចឈានដល់ផ្ទុះអាវុធ ១គ្រាប់ ដើម្បីបញ្ឈប់សកម្មភាព ដោយជនបង្កមិនខ្លាច ទីបំផុតជនបង្កបាន​លោតពីលើដំបូលផ្ទះមកដី បណ្តាលឲ្យរងរបួសធ្ងន់។

តាមសម្តីម្តាយបង្កើតជនបង្ក ឈ្មោះ ជុំ រី អាយុ៦៧ឆ្នាំ មានស្រុកកំណើត សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានឲ្យដឹងថា កូនប្រុសគាត់ញៀនថ្នាំ ទើបតែចេញពីគុក​បាន៦ថ្ងៃ ហើយមកជួលបន្ទប់ស្នាក់នៅខាងលើ។ ចំណែកស្រ្តីជាប្រពន្ធ គឺកូនគាត់យកដោយចិត្តឯងទេ ទើបគាត់មិនទាន់បានស្គាល់ឈ្មោះ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហើយកំពុងសាកសួរប្រជាពលរដ្ឋជិតខាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor