
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលការដាក់ពាក្យសុំថវិកា២លានដុល្លារ រយៈពេលមួយឆ្នាំ សម្រាប់ការសិក្សាអង្កេតនិងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅភាគខាងកើតនៃប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៨-២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះសម្រាប់ឆ្នាំទី២។
កាលបរិច្ឆេទនៃការទទួលពាក្យសុំគឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ grants.gov
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ មានប្រសាសន៍ថា៖ សហរដ្ឋអាមេរិកបានជួយលើការដោះមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ។ សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លារមកហើយ។
កន្លងមកមានព័ត៌មានសហរដ្ឋអាមេរិកផ្អាកការផ្តល់ថវិកាសម្រាប់ដោះមីននៅកម្ពុជា។ ថ្មីៗ ចិនបានផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីនមានតម្លៃ ប្រមាណកន្លះលានដុល្លារអាមេរិក ជូនអាជ្ញាធរមីនកម្ពុជា។
