
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Thierry MATHOU ប្រធាននាយកដ្ឋានអាស៊ី និងការបរទេសបារាំង បានជួបពិភាក្សាជាមួយ តំណាងរដ្ឋាភិបាលកម្ពុជា តំណាងគណបក្សប្រឆាំង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន។
លោក Thierry MATHOU បានថ្លែងថា ប្រទេសបារាំងមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោកប្រធាននាយកដ្ឋានអាស៊ី និងការបរទេសបារាំង រូបនេះ បញ្ជាក់ថា៖ ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ ការចាប់ខ្លួន និងការឃុំខ្លួនមេដឹកនាំគណបក្សនេះ រួមទាំងការហាមឃាត់សមាជិកគណបក្សចំនួន១១៨រូប ធ្វើនយោបាយរយៈពេល៥ឆ្នាំ បានចោទជាបញ្ហាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកក៏បានអំពាវនាវដល់អាជ្ញាធរកម្ពុជាចូលរួមសារជាថ្មីនៅក្នុងដំណើរការប្រជាធិបតេយ្យ និងអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។ ប្រសិនបើមានការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR មែននោះ វានឹងត្រូវបានគេចាត់ទុកថាជាការវិវត្តអវិជ្ជមានមួយ។

កាលពីថ្ងៃអាទិត្យ សម្តេច ហ៊ុន សែន ស្នើឱ្យក្រសួងមហាផ្ទៃបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
កន្លងមក អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា៖ អ្វីដែលកម្ពុជាធ្វើ គឺធ្វើតាមច្បាប់។
