Sponsor
៖ស្នា

តាកែវ៖ បន្ទាប់ពីបញ្ជប់កម្មវិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាខ្សឹង ដោយរៀបចំឡើងនិងចែកអំណោយជាសៀវភៅ ប៊ិច បន្ទាត់ ដោយក្រុមយុវជនដើម្បីសហគមន៍ កាលពីពេលថ្មីនេះ លោក ឃ្លាំង សារិន នាយកសាលាបឋមសិក្សាខ្សឹង បានឲ្យដឹងថា សាលាបឋមសិក្សានេះកសាងឡើងនៅឆ្នាំ១៩៩៥ ដោយកាលសាងសង់នោះគឺសង់លើខ្នឹមអាគារចាស់ហើយមិនត្រូវតាមស្តង់ដារបច្ចេកទេស សូម្បីតែក្រវ៉ាតជញ្ជឹងលើក៍មិនមានដែរ ដូច្នោះវាងាយផុយស្រួលដល់ការប្រេះសាំ ហើយទីធ្លាទាបនៅពេលខែភ្ញៀងធ្លាក់មកម្តងៗទឹកហូរចូលសាលារៀន ជាហេតុធ្វើឲ្យគ្រូនៅទីនេះពិបាកបង្រៀនខ្លាំង។

លោក ឃ្លាំង សារិន នាយកសាលាបឋមសិក្សាខ្សឹង ដែលមានទីតាំងនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានសម្តែងការព្រួយបារម្ភពីចំនួនសិស្ស ថយចុះដោយហេតុថា អាណាព្យាបាល ឬមាតាបិតាសិស្សទាំងនោះខ្លាចអគារសិក្សា នៃសាលាបឋមសិក្សាខ្សឹង ខ្លាចបាក់បែកធ្លាក់មកព្រោះវាជាអាគារចាស់ទ្រុតទ្រោម ហេតុនេះហើយទើបពួកគាត់សម្រេចចិត្តបញ្ជូនកូនទៅរៀននៅសាលាផ្សេង ។

លោកនាយករូបនេះ បន្ថែមទៀតថា ដោយមើលឃើញពីអាគារសិក្សាចាស់ទ្រុតទ្រោម អាចនឹងបែកសង្កត់មកលើសិស្ស ទើបរូបលោកបានសម្រេចចិត្តជម្លៀសសិស្ស និងសុំចៅអធិការវត្តខ្សឹងខ្ចីកន្លែងសិក្សានៅក្នុងវត្ត ដែលជាទីកន្លែងទទួលភ្ញៀវពេល មានកម្មវិធីឬកឋិនម្តងៗមកបង្រៀនកូនសិស្សជាបណ្តោះអាសន្នសិន ហើយចំពោះទីកន្លែងសិក្សាថ្មីនេះត្រូវបានអាជ្ញាធរក្រុងឧបត្ថម្ភសឹង្ហីវៃជាបន្ទាប់ដើម្បីឲ្យសិស្សងាយស្រួលសិក្សា បញ្ហានេះហើយ ជាហេតុធ្វើឲ្យចំនួនសិស្សនៃសាលាបឋមសិក្សាវត្តខ្សឹងមានការថយចុះរយៈពេល២ឆ្នាំចុងក្រោយនេះ ព្រោះអាណាព្យាបាលសិស្សដែលមានលទ្ធភាពបញ្ជូនកូនរៀននៅសាលានៅតាកែវ ឬសាលាជិតៗនេះ ហើយសិស្សភាគច្រើនដែលនៅបន្តសិក្សាគឺជាកូនកម្មករឡឥដ្ឋ ។

បើតាមលោក ឃ្លាំង សារិន នាយកសាលាបឋមសិក្សាខ្សឹង ខាងគណៈគ្រប់គ្រង សាលាបានស្នើ និងបញ្ជូនឯកសារនៃការសាងសង់អាគារសិក្សាថ្មីនៅទីតាំងដែលបាន ចាក់ដីរួចរាល់ហើយដែរកាលពីចុងឆ្នាំ២០១៦ កន្លងទៅ ប៉ុន្តែមកដល់ពេលនេះខាងក្រសួងក៍មិនទាន់បានផ្តល់ហើយមានភាពយឺតយ៉ាវ ដូច្នោះសំណូមពរដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ មេត្តាពន្លឿនសំណើស្នើសុំកសាងអាគារសិក្សាថ្មីនេះឲ្យបានឆាប់ ដើម្បីឲ្យសិស្សានុសិស្សនៅទីនោះឲ្យមានសាសារៀនល្អនឹងគេ ហើយបន្តបណ្តុះបណ្តាលឲ្យក្លាយជាធនធានមនុស្សមួយដ៍ចំាបាច់នៅក្នុងសង្គមទៅថ្ងៃអនាគត៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor