Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានធ្វើសេចក្តីណែនាំរួមគ្នា ក្នុងការដាក់ចេញនូវវិធានការសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការរៀបចំការបោះឆ្នោតព្រឹទ្ធសភា និងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ នាពេលខាងមុខនេះ​ ដើម្បីរក្សាការពារដំណើរការបោះឆ្នោត និងការពារដំណើការនៃការរាប់សន្លឹកឆ្នោត។

ក្នុងសេចក្តីណែនាំរួម ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបំការបោះឆ្នោត ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដាក់ចេញនូវវិធានការមួយចំនួនរួមមាន ការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារដំណើរការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា និងការពារដំណើការ នៃការរាប់សន្លឹកឆ្នោតជាដើម។

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធាន គ.ជ.ប បានជំរុញឲ្យសមត្ថកិច្ចកង កម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ក្នុងការរក្សាការពារដំណើរការបោះឆ្នោតខាងមុខនេះ ដោយមិនត្រូវប្រើប្រាស់រូបភាពប្រដាក់អាវុធ គគ្រឹកគគ្រេង ដែលអាចនាំឲ្យមានការភាន់ច្រឡំ បង្កនូវភាពភ្ញាក់ផ្អើល និងការភ័យខ្លាចដល់មហាជនផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជានឹងមានការបោះឆ្នោតធំៗ ចំនួន២ ក្នុងនោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor