
ខេត្តកោះកុង៖ សត្វអណ្តើកហ្លួងពេញវ័យចំនួន ២៥ក្បាល ដែលថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង កាលពីថ្ងៃទី១៤ វិច្ឆិកាម្សិលមិញ ត្រូវបានក្រុមអ្នកអភិរក្សជាតិនិងអន្តរជាតិ នាំយកទៅប្រលែងក្នុងដែនទឹកធម្មជាតិនៅតាមដងព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់សម្រាប់អណ្តើកហ្លួងនៅកម្ពុជា។ នេះបើតាម ហ្វេសប៊ុក WCS Cambodia។
បើតាមក្រសួងបរិស្ថាន បានឲ្យដឹងថា អណ្តើកហ្លួង ជាប្រភេទសត្វកម្រដែលជិតផុតពូជ ហើយវាត្រូវបានគេជឿថា បានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំ២០០០ ទើបអ្នកជំនាញរបស់កម្ពុជា និងអង្គការជំនាញខាងសត្វព្រៃបានរកឃើញនៅស្ទឹងស្រែអំបិលនៅខេត្តកោះកុង។

ដោយឡែកបើតាមអង្គការ WCS បានឱ្យដឹងថា អណ្តើកហ្លួង មានវត្តមានតែនៅប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ហើយចំនួនវានៅលើសកលលោកមានតិចជាង ៥០០ ក្បាលប៉ុណ្ណោះ។ ចំណែកនៅកម្ពុជា សត្វអណ្តើកនេះក៏បានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ផងដែរ ហើយត្រូវបានដាក់ជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ ២០០៥៕





