
ភ្នំពេញៈ ដំណឹងរៀបមង្គលការរបស់តារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា កាន់តែមានការរំជើបរំជួលឡើង ក្រោយដឹងថា នាងនឹងចូលរោងដើមខែធ្នូខាងមុខនេះ។ ទោះបីជាបែបនេះអ្នកចូលចិត្តទេពកោសល្យ នីសា នៅតែចង់ឲ្យនាងបន្តសិល្បៈជាជាងងាកទៅតាមស្វាមីចោលវិថីមួយនេះ។
សុគន្ធ នីសា បាននិយាយថា “គូដណ្តឹងរបស់ខ្ញុំមិនមែនជាឪពុក ណូ ឈួស៊ីវហេង ហើយក៏មិនមែនជាមន្ត្រីធំនៅក្រសួងមហាផ្ទៃដែរ” ។ ដំណឹងនេះ ត្រូវបានមហាជនទូទៅកំពុងមានចម្ងល់ថា “តើអ្នកណាជាកូនកំលោះរបស់កញ្ញា សុគន្ធ នីសា?” ដោយកន្លងមកតារាចម្រៀងរូបនេះ គ្រាន់តែបញ្ជាក់ថា “គូដណ្តឹងខ្ញុំជាមនុស្សសាមញ្ញធម្មតា” ។

ប៉ុន្តែទោះជា សុគន្ធ នីសា មិនបានប្រាប់ថា អនាគតស្វាមីនាងជាប្រុសមួយណាក៏ដោយ ក៏អ្នកដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះរូបនេះ បង្ហើបថា ច្បាស់ណាស់ថា “អនាគតស្វាមីរបស់ សុគន្ធ នីសា គ្មានអ្នកណាក្រៅពីលោក សាំប៉ា ជាអាណិកជនខ្មែរ នៅសហរដ្ឋអាមេរិកនោះឡើយ” ។ ប្រភពដដែល បានបន្តទៀតថា “លោក សាំប៉ា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក ដែលជាអ្នកមានភាគហ៊ុនធំនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife” ។ បន្ទាប់ពីបានស្វែងយល់ចិត្តថ្លើមអាណិកជនខ្មែរ នៅអាមេរិក លោក សាំប៉ា ដោយពួកគេបានរួមរស់ជាមួយគ្នាក្នុងនាមគូដណ្តឹង រយៈពេលជាង៦ឆ្នាំ ទម្រាំសម្រេចចិត្តបាន។
កាន់តែអស្ចារ្យ នីសា និងអនាគតស្វាមី ក៏បានសម្រេចជ្រើសរើសទីតាំងរៀបមង្គលការនៅសណ្ឋាគារថ្នាក់ផ្កាយ ដើម្បីឲ្យសមមុខមាត់ និងភាពល្បីល្បាញនៅសណ្ឋាគារមួយយ៉ាងប្រណីតក្បែរផ្សារទំនើបអ៊ីអនម៉ល៕









