
ភ្នំពេញៈ លក្ខខណ្ឌដែលកញ្ញា កឹម មនោវិជ្ជា ជាកូនស្រី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិលើកឡើងនោះ គឺដោះលែង លោក កឹម សុខា ជាថ្នូរនឹងការផ្តល់ជំនួយមកម្ពុជា នៅឆ្នាំ២០១៨ខាងមុខ។
ក្នុងបណ្តាញទំនាក់ទំនងរបស់កញ្ញា កឹម មនោវិជ្ជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា លក្ខខណ្ឌជំនួយអាមេរិកមកកម្ពុជាសម្រាប់ឆ្នាំ២០១៨ រួមមាន ៖ ការដោះលែងមេបក្សប្រឆាំងពីពន្ធនាគារ និងការចងហាមប្រាមមិនឲ្យមន្ត្រីកម្ពុជា ដែលរំលោភសិទ្ធិមនុស្សចូលសហរដ្ឋអាមេរិក។
កញ្ញាបន្តថា ខ្លួនបានធ្វើការតស៊ូមតិ ដើម្បីឲ្យអាមេរិកដាក់លក្ខខណ្ឌ នឹងរាជរដ្ឋាភិបាលកម្ពុជាឲ្យគោរពលទ្ធិប្រជាធិបតេយ្យ ក្នុងនោះមានការពិភាក្សាជាមួយស្ថាបន័អាមេរិកមួយចំនួនដូចជា ៖ ក្រសួងការបរទេស គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធិសភា និងសភាគណៈកម្មាធិការការបរទេសនៃព្រឹទ្ធិសភា និងសភា សមាជិកព្រឹទ្ធសភា លោក ចន ម៉ាក់ខេន លោក ឌិក ឌឺរបិន លោក ថិត គ្រួស៍ និងសមាជិកសភា លោក អេដ រយស៍ លោក ស្ទីវ ហ្សាបិត និង លោក អាឡិន ឡូវិនថល ព្រមទាំងអង្គការសង្គមស៊ីវិល និង អង្គការផ្តល់យោបល់ដល់រដ្ឋាភិបាល។
កូនស្រីមេបក្សប្រឆាំង អះអាងទៀតថា ខ្លឹមសារស្ដីពីលក្ខខណ្ឌជំនួយអាមេរិកមកកម្ពុជា ដកស្រង់ចេញពីសេចក្តីព្រាងច្បាប់ថវិកាអាមេរិកមានច្រើនជំពូក ហើយសភានឹងអនុម័តមុនដាច់ឆ្នាំនេះ៕
