Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាកំប្លែងជើងចាស់ល្បីលោក វីតាមីនសេ ដែលប៉ុន្មានថ្ងៃនេះមានជំងឺប្រចាំកាយរហូតចូលសង្រ្គោះនៅមន្ទីរពេទ្យក្នុងស្រុកបានមួយរយៈ តែ​ត្រូវបានសាច់ញាតិសម្រេចយកទៅសម្រាកព្យាបាលនៅប្រទេសថៃភ្លាមៗកាលពីយប់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៧ ដោយសារជំងឺធ្វើទុក្ខខ្លាំង។

អ្នកនាង ប៉េងប៉ោង ជាកូននាយវីតាមីនសេ បានឲ្យ​ភ្នាក់ងារព័ត៌មាន CAM POST ដឹងថា ក្នុងប៉ុន្មានថ្ងៃនេះ ប៉ារបស់គាត់​ ធ្វើទុក្ខដល់ថ្នាក់សម្រាកលែងបាន ហើយលោកក៏ថ្ងូរថា ឈឺចុកចាប់ពេញខ្លួនផងដែរ។ អ្នកនាងថា ក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីខាងផ្នែកមហារីក ក្រុមគ្រូពេទ្យអត់ហ៊ានធ្វើការវះកាត់ដុំសាច់ ដែលដុះក្នុងថ្លើមនោះទេ ដោយសារតែរកឃើញថាលោកមានជំងឺទឹកនោមផ្អែមផង និងមានជំងឺដំបៅក្រពះធ្ងន់ធ្ងរផង ទើបអ្នកនាងត្រូវតែជម្រើសយកមធ្យោបាយបញ្ជូនលោកប៉ាចាកចេញទៅកាន់ប្រទេសថៃ បន្ទាប់ពីបានទាក់ទងទៅកាន់ពេទ្យថៃ អះអាងថា អាចវះកាត់កាត់ ដើម្បីកុំឲ្យ​ដុំសាច់នោះបន្តរីករាលដាល។

អ្នកនាងថា ការបញ្ជូនឪពុកចាកចេញទៅកាន់មន្ទីរពេទ្យថៃនេះ មានលុយតែប៉ុន្មានក្នុងខ្លួនពីការបញ្ចាំឡានប៉ុណ្ណោះ ប៉ុន្តែអ្នកនាង និងបន្តយកផ្ទះទៅដាក់កម្ចីជាមួយធនាគារឲ្យ​បាន១ម៉ឺនដុល្លារ ដើម្បីដោះស្រាយការប្រឈមសម្រាប់ឪពុក។ យ៉ាងណាមិញ អ្នកនាងថា មិនហ៊ានឲ្យ​ឪពុកដឹងថា អ្នកនាងនឹងយកផ្ទះទៅបញ្ចាំនៅធនាគារយកលុយទៅព្យាបាលនោះទេ ដើម្បីកុំឲ្យ​ឪពុកគិតច្រើន ហើយអ្នកនាង និងប្អូនៗនឹងប្រឹងរកលុយបង់ផ្ដាច់ធនាគារមិនឲ្យ​មានបញ្ហា។

អ្នកនាងនិយាយថា មនុស្សភាគច្រើនមើលថា អ្នកនាង និងគ្រួសារសល់លុយកាក់ច្រើន ប៉ុន្តែការពិតអ្នកនាងមានត្រឹមតែផ្ទះរស់នៅផ្ទាល់ខ្លួនជាមួយឪពុក និងដីចម្ការកៅស៊ូតូចមួយ ដែលគ្រាន់តែប្រកាសលក់ក៏ពិបាកនាពេលនេះ។ អ្នកនាងថា ពេលនេះចិត្តចង់ឲ្យ​គាត់បានជា នៅមើល​ឃើញកូនចៅតទៅទៀត បើទោះជាអ្នកនាងហត់បំពេញការងារបែបណា ក៏មិនស្មើទឹកចិត្តអ្នកមានគុណខំបីបាច់ថែរក្សាដែរ។

សូមបញ្ជាក់ថា លោក វីតាមីនសេ មានឈ្មោះពិត មាស សាមឿន អាយុ៦៩ឆ្នាំ ភរិយាឈ្មោះលីវ ស៊ីថា អាយុ៧១ឆ្នាំ។ លោកតាមានកូន៤នាក់ក្នុងគ្រួសារ។ អំឡុងពេលសម្រាកព្យាបាលនាមន្ទីរពេទ្យរុស្ស៊ី​បានការខ្នះខ្នែងពីក្រុមគ្រូពេទ្យធីតាជួយសម្រួលទាំងស្រុង ដោយការអាណិតស្រឡាញ់តារាជើងចាស់រូបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor