
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកាត់រំលាយចោលចំនួន៥៥អាសនៈ ជូនគណបក្សចំនួន៥ ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន ទទួលបាន ៤១អាសនៈ ដូចនេះគណបក្សនេះនឹងក្លាយជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ។
តែទោះជាយ៉ាងណា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន មិនទទួលយកការផ្តល់តំណែងជាអនុប្រធានទី១ ជំនួសលោក កឹម សុខា ដែលធ្លាប់កាន់តំណែងនេះបានប្រមាណជា ជាង១ឆ្នាំ តែត្រូវបានសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាច បោះឆ្នោតទម្លាក់។

គួររំលឹកកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ គណបក្សហ៊្វុនស៊ិនប៉ិចមិនទទួលបានអាសនៈនោះទេ មានតែគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន ៥៥ អាសនៈ។